ព័ត៌មានជាតិ

ក្រុមហ៊ុនគ្រីនហ្វីត (ខេមបូឌៀ) នាំចូលពូជជ្រូក (PIC) មកកាន់ទីផ្សារកម្ពុជា បន្ទាប់ពីទទួលបានជោគជ័យ លើវិស័យផលិតចំណីសត្វ

ត្បូងឃ្មុំ ៖ ក្រុមហ៊ុនសាជីវកម្មគ្រីនហ្វីតវៀតណាម គឺជាក្រុមហ៊ុនមួយ ដែលត្រូវបានទទួលស្គាល់ថា បាននឹងកំពុងផលិត ផ្គត់ផ្គង់ពូជជ្រូកនិងចំណីសត្វ មានគុណភាពខ្ពស់ជាងគេ នៅប្រទេសវៀតណាម ។

បច្ចុប្បន្នក្រុមហ៊ុនសាជីវកម្ម គ្រីនហ្វីត បានពង្រីកសាខារបស់ខ្លួន នៅតាមបណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ រូមមានដូចជាក្រុមហ៊ុន គ្រីនហ្វីត(ខេមបូឌៀ), ក្រុមហ៊ុន គ្រីនហ្វីត (ឡាវ) និង ក្រុមហ៊ុន គ្រីនហ្វីត (មីយ៉ាន់ម៉ា) ជាដើម។

លោក ប៉ូច សុរិទ្ធី នាយកក្រុមហ៊ុនគ្រីនហ្វីត (ខេមបូឌៀ) បានឲ្យដឹង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១នេះថា ក្រុមហ៊ុន Greenfeed ជាក្រុមហ៊ុនផលិតចំណីសត្វ ដែលមាន សក្តានុពល ក្នុងប្រទេសកកម្ពុជា តាំងពីឆ្នាំ២០០៨មកម្លេះ ។ សព្វថ្ងៃក្រុមហ៊ុន កំពុងតែផលិតចំណីសត្វ ដែលមានគុណភាពខ្ពស់ ផ្គត់ផ្គង់នៅលើទីផ្សារ ទូទាំងប្រទេសកម្ពុជាតែម្តង ។

លោក ប៉ូច សុរិទ្ធី បានបញ្ជាក់ថា ដោយសម្លឹងមើលឃើញពីឱកាស និងតម្រូវការទីផ្សារ លើវិស័យចិញ្ចឹមសត្វ ក្រុមហ៊ុនបានធ្វើការសាងសង់ កសិដ្ឋានចិញ្ចឹមជ្រូក បែបទំនើប ហើយក៏បាននាំចូលពូជជ្រូក ដែលមានគុណភាពខ្ពស់ចំនួន ២៤០០ក្បាល ពីប្រទេសវៀតណាម មកចិញ្ចឹមផងដែរ ។

លោក ប៉ូច សុរិទ្ធី លើកឡើងថា សកម្មភាពការនាំចូលនេះ នឹងមានផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យចិញ្ចឹមសត្វជ្រូកក្នុងស្រុក ចាប់ពីពេលនេះតទៅ ព្រោះវានឹងផ្លាស់ប្តូរវិស័យចិញ្ចឹម សត្វជ្រូកអោយកាន់តែរីកចំរើន ជាងមុន ពោលគឺ នាំពូជជ្រូកមានស្ដង់ដានិងគុណភាពខ្ពស់ មកផ្គត់ផ្គង់ដល់អ្នកចិញ្ចឹមក្នុងស្រុក ។

លោក ប៉ូច សុរិទ្ធី បានបន្តថា ដោយមានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការវិនិយោគ ក្នុងវិស័យចិញ្ចឹមសត្វ កសិដ្ឋានបង្កាត់ពូជជ្រូកថ្មីនេះ ត្រូវបានសាងសង់ឡើងក្នុង ភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំលើផ្ទៃដី៨៣ហិកតា ដែលមានទីធ្លាធំទូលាយ ឆ្ងាយពីទីប្រជុំជន ។

កសិដ្ឋាននេះដែរ ត្រូវបានបំពាក់ ជាមួយឧបករណ៍ ទំនើបស្វ័យប្រវត្តិ និងបច្ចេកវិទ្យាចុងក្រោយ ដោយប្រើប្រាស់ទុនវិនិយោគ សរុបចំនួន ១២លានដុល្លារអាមេរិក សម្រាប់ចិញ្ចឹមជ្រូកពូជ ចំនួន២,៥០០ក្បាល និងជ្រូកជំទង់ចំនួន២០,០០០ក្បាល។ ក្នុងគោលបំណង ចូលរូមចំណែកលើកស្ទួយលើវិស័យ ចិញ្ចឹមសត្វនៅកម្ពុជា, ផ្ទត់ផ្គង់ពូជដែលមានប្រភពច្បាស់លាស់ ដល់អតិថិជនដែលប្រកបរបរចិញ្ចឹមសត្វ ដើម្បីទទូលបានអត្ថប្រយោជន៏ខ្ពស់ ៕

To Top