ព័ត៌មានអន្តរជាតិ

ប្រទេសលោកខាងលិច ថ្កោលទោសការបោះឆ្នោតជ្រើសប្រធានាធិបតីស៊ីរី ថាមិនធ្វើដោយសេរីនិងយុត្តិធម៌

បរទេស៖ក្នុងពេលមួយថ្ងៃមុន ការបោះឆ្នោតជ្រើសប្រធានាធិបតី នឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងប្រទេសស៊ីរី នោះ បណ្ដាប្រទេសលោកខាងលិច ដែលរួមមានទាំងសហរដ្ឋអាមេរិក និងអង់គ្លេសផងនោះ បានព្រមានថា ការប្រកួតប្រជែង នឹងមិនធ្វើដោយសេរី និងយុត្តិធម៌នោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ពីរដ្ឋមន្ត្រីការបរទេសរបសប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និងសហរដ្ឋអាមេរិកនោះ បានចេញនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងពេលមួយថ្ងៃ មុនដំណើរការបោះឆ្នោតនឹងបើកប្រព្រឹត្តទៅក្នុងប្រទេសស៊ីរី សម្រាប់ការបោះឆ្នោតមួយ ដែលត្រូវគេរំពឹងថា នឹងឃើញលោកប្រធានាធិបតី បាហ្សា អាល់អាសាធ ជាប់ឆ្នោតក្នុងអាណត្តិទី៤របស់លោក។

បណ្ដាប្រទេសលោកខាងលិចទាំងនោះ បាននិយាយថា ពួកគេធ្វើការថ្កោលទោសចំពោះការសម្រេចចិត្តនៃរបបរបស់លោក អាសាដ ប្រារព្ធធ្វើការបោះឆ្នោតដោយគ្មានការគ្រប់គ្រងមើលពីអង្គការសហប្រជាជាតិ តាមដែលសេចក្តីសម្រេចអង្គការសហប្រជាជាតិលេខ២២៥៤ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គាំទ្រដល់ដំណើរសម្រាប់សន្តិភាព នៅក្នុងប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ។

តាមសេចក្តីរាយការណ៍ ប្រទេសទាំងនោះបាននិយាយដូច្នេះថា “សម្រាប់ការបោះឆ្នោតគួរឲ្យកោតសរសើរ ប្រជាជនស៊ីរីទាំងអស់ គួរតែត្រូវបានអនុញ្ញាតឲ្យចូលរួម ដោយរួមទាំងប្រជាជនស៊ីរីដែលផ្លាស់ប្តូរទីលំនៅក្នុងប្រទេស ជនភៀសខ្លួន និងសមាជិកនៃក្រុមជនភៀសខ្លួន ក្នុងបរិយាកាសសុវត្ថិភាពនិងអព្យាក្រឹត។ ដោយគ្មានកត្តាទាំងនេះ ការបោះឆ្នោតក្លែងក្លាយនេះ មិនតំណាងឲ្យភាពវិវត្តទៅរកដំណោះស្រាយនយោបាយណាមួយនោះទេ”៕ប្រែសម្រួល៖ប៉ាង កុង

To Top