Covid-19

សូមកុំប្រហែស! ប្ដីប្រពន្ធនិងកូនអាយុ២ខួប ឆ្លងកូវីដ១៩

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវសូមកុំប្រហែសឲ្យសោះ ខណៈ មានករណីប្ដីប្រពន្ធនិងកូនអាយុ ២ខួប ឆ្លងមេរោគ កូវីដ១៩ ដែលមានប្ដី ជាបុគ្គលិកហាងហ្គាសទាន់សម័យ មានទីតាំងស្ថិតនៅផ្ទះលេខ A1Eo ផ្លូវលេខ ២១៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ស្ត្រីមេផ្ទះម្នាក់ នៅផ្ទះមើលថែកូនអាយុ ២ខួប មានប្ដី ជាអ្នកធ្វើការ ខាងផ្នែកដឹកជញ្ចូន នៅហាងហ្គាសទាន់សម័យ។ គាត់ តែងតែទៅទិញគ្រឿងទេស ដែលលក់នៅទល់មុខផ្ទះ ហើយបាននិយាយគ្នាលេងបន្តិច ពេលទៅទិញកាលពីថ្ងៃទី ២១ ខែឧសភា ។ស្រាប់តែនៅថ្ងៃទី ២២ ខែឧសភា អ្នកលក់នោះ បានទៅធ្វើតេស្តរកឃើញ វិជ្ជមានមេរោគកូវីដ១៩។ ស្ត្រីនោះក៏បាន សម្រេចចិត្តទៅធ្វើតេស្ដ នៅថ្ងៃបន្ទាប់ ដោយសារមានអាការៈក្អក ហើយទទួលបានលទ្ធផលវិជ្ជមាន។ ប្ដីនិងកូនរបស់គាត់ ក៏រកឃើញ វិជ្ជមាន ជាបន្តបន្ទាប់។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែល បានទៅ ឬទទួលអីវ៉ាន់ ឬហ្គាសពី ហាងហ្គាសទាន់សម័យ មានទីតាំងស្ថិតនៅផ្ទះលេខ A1Eo ផ្លូវលេខ ២១៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

មូលហេតុ អ្នកជំងឺកូវីដ១៩ ជាបុគ្គលិកខាងផ្នែកដឹកជញ្ជូន ធ្វើការនៅទីតាំងខាងលើនេះ៕

To Top