ព័ត៌មានជាតិ

អេសស៊ីជី បន្ត​គាំទ្រ​កិច្ច​ប្រឹងប្រែង​ ប្រយុទ្ធ​ប្រឆាំងកូវីដ-១៩​ នៅកម្ពុជា

អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ និង​គ្រឿង​សំណង់​ដ៏ធំបំផុត​មួយ នៅក្នុង​ទីផ្សារ​អាស៊ាន បាន​បន្ត​ចូលរួម​ចំណែក​ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងការ​ផ្ដល់​ជំនួយ​គិត​ទឹកប្រាក់​ជាង ១សែនដុល្លារ​អាមេរិក ដល់ក្រសួងសុខាភិបាល​ ។

ថ្មីៗនេះ អេសស៊ីជី បាន​ប្រគល់​អំណោយជា Negative Pressure Room ចំនួន ១, សម្ភារៈ​ឧបករណ៍​ សម្រាប់​បម្រើ​ដល់​ការងារ​ចាក់វ៉ាក់សាំង ជូន​ទៅ​ក្រសួង​សុខាភិបាល​កម្ពុជា និង​បញ្ជរ​/ទូ​យក​សំណាក​អ្នក​ជំងឺ​កូវីដ-១៩ ឬហៅថា SWOP ចំនួន ៥ ដែល​បាន​ប្រគល់ទៅ​ឲ្យ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ (មន្ទីរពេទ្យ​រុស្ស៊ី) ។ ទន្ទឹម​នឹង​នេះដែរ ក្រុមហ៊ុន​ អេសស៊ីជី ក៏បាន​រួម​វិភាគ​ទាន​ ជាប្រាក់​ចំនួន ៥០០០០ដុល្លារ​អាមេរិក សម្រាប់​ការទិញ​វ៉ាក់សាំង​ចាក់ជូនប្រជាជន​កម្ពុជា ផងដែរ ។ សរុប​ជា​ទឹក​ប្រាក់នៃ​ជំនួយទាំងនេះ គឺ​ប្រមាណជាង ១សែនដុល្លារអាមេរិក ។

លោក រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយក​ក្រុមហ៊ុន អេសស៊ីជី ប្រចាំ​កម្ពុជាបាន​មានប្រសាសន៍ថា អេសស៊ីជី គាំទ្រយ៉ាង​ខ្លាំង​ក្លា​​ដល់​កិច្ច​ប្រឹងប្រែង​របស់កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ-១៩ តាមរយៈ​វិភាគទាន​និង​ជំនួយ​ដែល​អាចធ្វើទៅបាន ជូន​ទៅក្រសួង​សុខាភិបាល​កម្ពុជា ។

លោក រ៉ាត់ឆាយុត មានប្រសាសន៍ដូច្នេះថា​ ៖ «យើង​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​យើង​តែងតែយក​ចិត្ត​ទុកដាក់ចំពោះ​ប្រជាជន​កម្ពុជា ។ តាមរយៈ​ការរួម​ចំណែក​របស់​ អេសស៊ីជី ក៏ដូចជាវិស័យ​ឯកជន​ទាំងមូល យើង​សង្ឃឹមថា អាចចែករំលែក​បន្ទុក​ខ្លះ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ-១៩ ។»

គួរបញ្ជាក់ថា ការប្រគល់​សម្ភារៈបរិក្ខារពេទ្យ​សម្រាប់​បម្រើ​កិច្ចការយកសំណាក​អ្នកជំងឺ​កូវីដ១៩ ដែល​បាន​ធ្វើឡើង​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) កាលពីថ្ងៃទី២០​ ខែឧសភា ឆ្នាំ​២០២១ ក៏​មាន​ការ​ចូលរួម​សហការ​ពីក្រុមហ៊ុន KUBOTA ផងដែរ ។

គួរ​រំឭកថា កាលពីឆ្នាំទៅមិញ អេសស៊ីជី ក៏​បាន​បរិច្ចាគ​ប្រអប់​សុវត្ថិភាព​វេជ្ជសាស្ត្រ (surgical shield box) ចំនួន​៥០​ឈុត ដល់​ក្រសួងសុខាភិបាល​កម្ពុជា និង​​បាន​ចែកជូន​នូវ​ទឹក​អាល់កុល​លាងដៃ និង​ម៉ាស ដល់​​ប្រជាជន​ទូទៅ​ផងដែរ ដើម្បី​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​១៩​ នៅកម្ពុជា ៕

To Top