ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន ៩៨,០៤%ហើយ គិតរហូតមកទល់ពេលនេះ នៅសេសសល់តែការងារ មួយចំនួនតូចប៉ុណ្ណោះ។
តាមរយៈហ្វេសប៊ុក របស់ក្រសួងសាធារណការ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា បច្ចុប្បន្នក្រសួង កំពុងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពន្លឿន ការងារ បំពាក់កាមេរ៉ា ចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុង ស្ថានីយ៍ ។ ដោយឡែក ស្ពានអាកាសថ្មើជើង នៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នាគ្រោង នឹងបញ្ចប់ការងារទាំងស្រុង ចុងខែមិថុនា ឆ្នាំ២០២១ខាងមុខ។
ក្រសួង សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ និងអាជីវករដែលកំពុងរស់នៅ អាស្រ័យផលតាម បណ្តោយផ្លូវនេះ នឹងសហការជាមួយក្រសួង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើឱ្យប្រសើរឡើង ដល់បរិស្ថានរស់នៅ មានសោភ័ណភាពស្អាត ដូចជាការដាំដើមរុក្ខជាតិ ឬដាំស្មៅលម្អន្ថែមជាដើម និងសូមអំពាវនាវសុំឱ្យបងប្អូនមេត្តា ចូលរួមថែរក្សា ផ្លូវនេះឱ្យបានគង់វង្ស ប្រកប ដោយសោភ័ណភាព សុវត្ថិភាពក្នុងការធ្វើដំណើរ អាចប្រើប្រាស់បានយូរអង្វែង និងជួយសន្សំសំចៃ ថវិកាជាតិផងដែរ ។
ក្រសួងបន្ដថាផ្លូវជាតិលេខ៣ ត្រូវបានសាងសង់ឡើង ដោយបានគិតគូរលក្ខណៈបច្ចេកទេស យ៉ាងល្អិតល្អន់ ដោយសារផ្លូវនេះ មានរោងចក្រ សហគ្រាស អាជីវកម្មជាច្រើនពាក់ព័ន្ធ ជាមួយនឹងការ ដឹកជញ្ជូន ដោយប្រើប្រាស់ផ្លូវនេះ ដើម្បីអាស្រ័យផល ក្នុង នោះមានការត្រៀម លក្ខណៈទប់ស្កាត់ការ ដឹកជញ្ជូនលើស ទម្ងន់កម្រិត កំណត់ដោយច្បាប់ ដើម្បីថែរក្សាគុណភាពផ្លូវ ឱ្យបានរឹងមាំ ហើយក្រសួងក៏អំពាវនាវ សុំឱ្យបងប្អូនចូលរួមទាំងអស់គ្នា កុំដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យផ្លូវឆាប់ខូច ខាតបង់ថវិកាជាតិទៅថ្ងៃក្រោយ ពោលគឺ៖ ពេលផ្លូវខូចទៅ បងប្អូនធ្វើដំណើរមានការលំបាក និងខាតបង់ពេលវេលាថែមទៀតផង។
ជាមួយគ្នានេះផងដែរ ផ្លូវនេះក៏មានការរៀបចំ ឱ្យមានការបើករបាំង សម្រាប់បត់ត្រឡប់ក្រោយ (U-Turn Design) មួយចំនួន ដើម្បីឆ្លើយតប ជាមួយនឹងប្រជាពលរដ្ឋ ដែលត្រូវការបត់ចុះបត់ឡើង និង មានការរៀបចំកន្លែងចំណតយានយន្តមួយចំនួន នៅតាមទីប្រជុំជន ដើម្បីសម្រួល និងបង្កលក្ខណៈ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ឱ្យគាត់ស្រួលចត និងកាត់បន្ថយការកកស្ទះ ចរាចរណ៍សង់ខាងផ្លូវ និងមានស្ពានអាកាសឆ្លងកាត់ផ្លូវ សម្រាប់អ្នកថ្មើរជើង នៅតាមទីតាំងចាំបាច់ និងស្របតាមបច្ចេកទេស ក្នុងទិសដៅរក្សាបាននូវល្បឿន អតិបរិមាដែលបានកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យបានកាន់តែច្រើន តាមដែលអាចធ្វើបាន។
សូមបញ្ជាក់ផងដែរថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមាន ប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។
ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង ។
គម្រោងនេះ ចំណាយថវិកា សរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាម៉េរិក ជាហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ ៕