វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកមិនគិតថា កូរ៉េខាងជើង នឹងចូលរួមក្នុង សកម្មភាពអរិភាព និងជ្រៀតជ្រែក ចូលក្នុងការបោះឆ្នោត ប្រធានាធិបតី អាមេរិកនាពេលខាងមុខ ដែលជាការព្រមានជាក់ស្តែងមួយ ដែលថា ប្រទេសកុម្មុយនិស្តមួយនេះ មិនគួរធ្វើសកម្មភាព បង្កហេតុ ដែលអាចធ្វើឱ្យប៉ះពាល់ ដល់ឱកាសជ្រើសរើស ជាប្រធានាធិបតីឡើងវិញ របស់លោក ។
លោក ត្រាំ ត្រូវបានគេដកស្រង់សម្តី នៅពេលប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា “ ខ្ញុំនឹងមានការភ្ញាក់ផ្អើល ប្រសិនបើប្រទេសកូរ៉េខាងជើង ធ្វើសកម្មភាពអរិភាព លោកដឹងថា ខ្ញុំនឹងមានការបោះឆ្នោតមួយ ដែលនឹងកើតឡើង ខ្ញុំមិនគិតថាលោកចង់ជ្រៀតជ្រែក ក្នុងរឿងនោះទេ ប៉ុន្តែយើងត្រូវតែមើល”។
ការកត់សម្គាល់នេះ បានកើតឡើងនៅពេល ដែលកូរ៉េខាងជើង បានបង្កើនសម្ពាធ ទៅលើសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ខ្លួនសម្រាប់សំណើចរចាថ្មីមួយ នៅចុងឆ្នាំនេះ ដោយលើកឡើងយ៉ាងមុតមាំថា បើមិនដូច្នេះទេវាអាចចាប់ផ្តើម ការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ឡើងវិញ៕
ដោយ ឈូក បូរ៉ា