ព័ត៌មានអន្តរជាតិ

អាមេរិក នឹងចេញមុខពន្យល់អំពី ការលួចធ្វើចារកម្ម ទៅលើមេដឹកនាំអឺរ៉ុប

បរទេស៖ មន្រ្តីជាន់ខ្ពស់សេតវិមានលោកស្រី Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹង ដោះស្រាយបញ្ហាទាក់ទងនឹងការធ្វើចារកម្ម លើមេដឹកនាំអឺរ៉ុបដែលរួមមានអធិការ បតីអាល្លឺម៉ង់លោកស្រី Angela Merkel និងតួនាទីរបស់ប្រទេស ដាណឺម៉ាក តាមរយៈបណ្តាញសន្តិសុខជាតិជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកស្រី Karine Jean-Pierre ថា « ក្នុងឆ្នាំ ២០១៤ សហរដ្ឋអាមេរិកបានចេញសេចក្តីត្រួតពិនិត្យ ហ្មត់ចត់នៃវិធីសាស្រ្តរបស់យើងចំពោះការឃ្លាំមើលនៅបរទេស, ប្រធានាធិបតីអូបាម៉ាបានចេញសេចក្តីណែនាំ ប្រធានាធិបតីមួយដែលផ្លាស់ប្តូរវិធីសាស្រ្តរបស់យើងតាមវិធីសំខាន់ៗ។ យើងនឹងធ្វើការជាមួយ សម្ព័ន្ធមិត្តនិងដៃគូអឺរ៉ុបរបស់យើងដើម្បីឆ្លើយសំណួរណាមួយតាមរយៈបណ្តាញសន្តិសុខជាតិសមស្រប»។

សូមជម្រាបថា កាលពីថ្ងៃអាទិត្យការស៊ើបអង្កេតរបស់ បណ្តាញសារព័ត៌មានអ៊ឺរ៉ុបបានបង្ហាញថា សេវាកម្មស៊ើបការណ៍សម្ងាត់ការពារជាតិដាណឺម៉ាក បានសហការជាមួយប្រតិបត្តិការស៊ើបការណ៍អាមេរិក ដែលបានតម្រង់គោលដៅទៅលើ មន្ត្រីជាន់ខ្ពស់អឺរ៉ុប រួមទាំងលោកស្រី Markel ផងដែរ ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ ។

មុននេះប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្កោលទោសអាកប្បកិរិយាបែបនេះដែលមិនអាចទទួល យកបាននោះទេរវាងសម្ព័ន្ធមិត្ត៕ ប្រែសម្រួលៈ ណៃ តុលា

To Top