ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ថវិកា៣០ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជា រាជធានី ដើម្បីចែកជូនពលរដ្ឋរងគ្រោះ ដោយកូវីដ-១៩

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រគល់ថវិកា ចំនួន៣០ម៉ឺនដុល្លារ (សាមសិបម៉ឺនដុល្លារ) មកឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីនាំយកថវិកាទាំងនេះ ទៅបែងចែកនិងប្រគល់ជូន ប្រជាពលរដ្ឋដែលរងគ្រោះ ដោយជម្ងឺកូវីដ-១៩ ។

ក្នុងឱកាសនោះ ទទួលបានអំណោយដ៏ថ្លៃថ្លា របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុនសែន ចំនួន៣០ម៉ឺនដុល្លារ សហរដ្ឋអាមេរិកនេះ លោក ឃួង ស្រេង ក្នុងនាមរដ្ឋបាលរាជធានី និងក្នុងនាមសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានឲ្យដឹងថា នឹងយកទៅចែកជូន ដល់ដៃបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ នៅរាជធានីភ្នំពេញ ឱ្យបានទាន់ពេលវេលា ដោយលោកបានប្ដេជ្ញាចិត្តថា នឹងយកថវិកា ទាំងនេះ ទៅបែងចែក ឲ្យចំទិសដៅ មិនឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខកបំណងនោះទេ ។

លោក ឃួង ស្រេង បញ្ជាក់ថា ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌នេះ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ដូចជាក្នុងនាមកាកបាទក្រហម រាជធានីភ្នំពេញ និងដើរកៀងគរសប្បុរសជនបន្ថែមទៀត ដើម្បីរកចំណូលឲ្យបានច្រើន យកទៅប្រគល់ជូន ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ពិសេសក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈនេះ ។

ការរីករាលដាលជម្ងឺ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយ របស់សម្ដេចតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន អំណោយកាកបាទក្រហមកម្ពុជា និងសប្បុរសជននានា ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ បានចំនួនជាង៤៥ម៉ឺនគ្រួសារហើយ គិតមកដល់ពេលនេះ។ សកម្មភាពនៃការផ្ដល់អំណោយ ចែកជូនប្រជាពលរដ្ឋ ក្នុងស្ថានភាពកូវីដ-១៩នេះ ប្រជាពលរដ្ឋមួយចំនួនធំ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ យកទៅប្រគល់ជូន ដល់ខ្នងផ្ទះតែម្ដង ដើម្បីការពារ ខ្លាចឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះបន្ថែមទៀត ដែលសកម្មភាពបែបនេះ មិនទាន់មានប្រទេសណាមួយអាចធ្វើ បានដូចប្រទេសកម្ពុជា នូវឡើយទេ ។

ជាការឆ្លើយតបលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍លើកឡើងថា ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ឃើញថារដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដោយមិនបានគិតថា ជាពេលយប់ឬថ្ងៃឡើយ ដើម្បីកាត់ផ្ដាច់ឱ្យបាន នូវការរីករាលដាលនៃជំងឺ-១៩នេះ ពិសេសនៅក្នុងអំឡុងពេល នៃការបិទខ្ទប់រាជធានីភ្នំពេញ។

លោកស្រីបញ្ជាក់ថា បើលោកអភិបាលរាជធានីភ្នំពេញ មិនមានសុខភាពរឹងមាំខ្លាំងក្លាទេ គឺមិនអាចអនុវត្តការងារ ទាំងយប់ទាំងថ្ងៃ បានល្អប្រសើរដូច្នេះទេ ៕

To Top