ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ហាមមិនឲ្យក្រុមហ៊ុនអាកាសចរណ៍ប៉េឡារុស ប្រើដែនអាកាស និងព្រលានយន្តហោះខ្លួន

បរទេស៖ សហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានហាមឃាត់ក្រុមហ៊ុន អាកាសចរណ៍ប៉េឡារុស មិនឲ្យប្រើដែនអាកាស និងព្រលានយន្តហោះ នៅក្នុងប្រទេសជាសមាជិកខ្លួន ដើម្បីជាការឆ្លើយតប ចំពោះរបបរបស់លោក Lukashenko ដែលបង្ខំឲ្យយន្តហោះដឹកអ្នកកាសែត ប្រឆាំងមួយរូបចុះចតកាលពីខែមុន។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាលើបម្រាមនោះ ដែលទប់ស្កាត់ក្រុមហ៊ុនអាកាសចរណ៍ប៉េឡារុស មិនឲ្យធ្វើការចុះចត ឬក៏ហោះហើរចេញពី អាកាសយានដ្ឋានសហភាពអឺរ៉ុប។ កាលពីដើមសប្ដាហ៍នេះ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប ក៏បានចេញសេចក្តីណែនាំ អំពាវនាវឲ្យក្រុមហ៊ុនអាកាសចរណ៍ ក្នុងប្រទេសជាសមាជិកខ្លួន គេចចេញពីដែនអាកាស និងព្រលានយន្តហោះប៉េឡារុស។

កាលពីថ្ងៃទី២៣ ខែឧសភា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Alexander Lukashenko បានបង្ខំយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair មួយគ្រឿង ដែលហោះហើរចេញពីក្រិក ទៅកាន់ប្រទេសលីទុយអានី ឲ្យធ្វើការចុះចតក្នុងទីក្រុង Minsk ដោយនិយាយថា មានការគម្រាមកំហែងគ្រាប់បែក នៅលើយន្តហោះ។
ប៉ុន្តែក្រោយធ្វើការចុះចត អាជ្ញាធរប៉េឡារុស បានធ្វើការចាប់ខ្លួនអ្នកកាសែតប្រឆាំងមួយរូប គឺលោក Roman Protasevich ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top