ព័ត៌មានជាតិ

រដ្ឋមន្ត្រីសាធារណការ ចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់ផ្លូវជាតិ លេខ១៤៦B និងផ្លូវជាតិលេខ១៤៨

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូ ក្រសួងចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់ ផ្លូវជាតិលេខ ១៤៦B និងផ្លូវជាតិលេខ១៤៨ ដើម្បីតាមដានការងារ បច្ចេកទេសសាងសង់ របស់ក្រុមហ៊ុន សំដៅឲ្យការសាងសង់ ប្រព្រឹត្តទៅស្របតាមបទដ្ឋាន បច្ចេកទេស និងកិច្ចសន្យាសាងសង់ ធ្វើយ៉ាងណាធានាឲ្យផ្លូវនេះ មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់ បានយូរអង្វែង ។

ផ្លូវលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់ គីឡូម៉ែត្រ ១៧៨ +១៦៥) រួចឆ្លងកាត់លើផ្លូវ ខេត្តលេខ១៤៨ បញ្ចប់ ក្នុងចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់ គីឡូម៉ែត្រ ២២៥ +៥៥០) ដោយឡែក ផ្លូវជាតិលេខ១៤៦B ចាប់ផ្តើមពីចំណុច ប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ១៧៨ +១៦៥) រួចឆ្លងកាត់លើ ផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ២២៥ +៥៥០) ប្រវែងសរុប ៤៣,០២៥គីឡូម៉ែត្រ ចុះកិច្ចសន្យា សាងសង់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលចាប់ផ្តើមសាងសង់ ក្នុងកំឡុងខែមេសា ឆ្នាំ២០២០ និងគ្រោងបញ្ចប់ នៅក្នុងខែ សីហា ឆ្នាំ២០២២ ។

គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (Brach of China Road and Bridge Cooperation in Cambodia) ក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌប្រើប្រាស់ កញ្ចប់ថវិកាសន្សំរបស់ជាតិ ។

នាឱកាសនោះ លោករដ្ឋមន្ដ្រី បានចុះពិនិត្យម៉ាស៊ីនលាយបេតុងស៊ីម៉ងស្វ័យប្រវត្តិដែលអាចសាងសង់បានប្រវែង ៥០០ម៉ែត្រក្នុងមួយថ្ងៃ និងកំរាស់ ២៦សង់ទីម៉ែត្រ និងពិនិត្យម៉ាស៊ីនតេស្ត គុណភាព ទ្រនាប់ផ្លូវ ផ្នែកខាងក្រោម ( Bases Course)។ លោក ក៏បានបន្តដំណើរ ចុះពិនិត្យការដ្ឋានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុត្រង់ចំនុចប្រសព្វផ្លូវ ១៤៦B។

លោករដ្ឋមន្ដ្រីសាធារណការ ក៏បានធ្វើការផ្តាំផ្ញើទៅក្រុមហ៊ុនសាងសង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឲ្យធ្វើការយកចិត្តទុកដាក់ខ្ពស់ ទៅលើគុណភាព នៃការស្ថាបនាផ្លូវ និងផ្តាំផ្ញើ ទៅប្រជាពលរដ្ឋ ព្រមទាំងក្រុមហ៊ុនដឹកជញ្ជូន ឲ្យគោរពច្បាប់ ចរាចរណ៍ កុំបើកបរលើសល្បឿន ឬដឹកលើសទម្ងន់ ដែលជាកត្តា បង្កឲ្យមានការ ខូចខាតផ្លូវមុនអាយុកាល ៕

To Top