Covid-19

បើគ្មានអ្វីប្រែប្រួល វ៉ាក់សាំងកូវីដ នឹងមកដល់កម្ពុជា ថ្ងៃ១២ មិថុនា ១លានដូស និង១៩ មិថុនា ១លានដូស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា បើពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំង កូវីដ-១៩ នឹងមកដល់ប្រទេសកម្ពុជា នាថ្ងៃទី១២ មិថុនា ១លានដូស និងថ្ងៃទី១៩ មិថុនា ១លានដូសបន្ថែមទៀត។

ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានចូល comment ថា «ប្រសិនពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំងកូវីដ១៩ នឹងមកដល់ថ្ងៃទី១២ មិថុនា ចំនួន១លានដូស និង ថ្ងៃទី១៩ មិថុនា ចំនួន១លានដូសបន្ថែមទៀត។ ប្រទេសកម្ពុជាយើងក្រ តែមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិត​ ប្រជាជនយើងនោះឡើយ»។

សូមជម្រាបថា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន១លានដូសទៀត ដឹកមកដល់ប្រទេសកម្ពុជា ក្នុងនោះ ស៊ីណូវ៉ាក់៥០ម៉ឺនដូស និងស៊ីណូហ្វាម៥០ម៉ឺនដូស ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបចំនួន ២,៧៦៦,១៩៨នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន២៧.៦៦%៕

To Top