បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍ព្រាង បានឲ្យដឹងថា សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក បានគ្រោងធ្វើជំនួបកំពូលមួយ នៅក្នុងទីក្រុងព្រួចសែល នាសប្ដាហ៍ក្រោយ ចំពោះការបញ្ចប់ជម្លោះ ជំនួញអន្តរអាត្លង់ទិករបស់ពួកគេ និងដើម្បីស្នើឲ្យមានការសិក្សាថ្មីស្តីពប្រភពជម្ងឺកូវីដ១៩។
សេចក្តីព្រាង៧ទំព័រនោះ តាមសេចក្តីរាយការណ៍ មានគោលបំណងបង្ហាញពីលទ្ធផលជាក់លាក់នៃ “ការរះឡើងថ្មី” ដែលថ្នាក់ដឹកនាំសហភាពអឺរ៉ុបកោតសរសើរ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ឡើងកាន់តំណែងបន្តពីលោក ដូណាល់ ត្រាំ កាលពីខែមករា។
សេចក្តីព្រាង ដែលត្រូវបានពិភាក្សាគ្នាដោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបកាលពីថ្ងៃពុធនោះ ប្តេជ្ញាបញ្ចប់ជម្លោះជាយូរជុំវិញការឧត្ថម្ភធន់ដល់ក្រុមហ៊ុនផលិតយន្តហោះ នៅមុនថ្ងៃទី១១ ខែកក្កដា និងលើកលែងពន្ធលើដែកថែប ដែលបានដាក់កាលពី៣ឆ្នាំមុន នៅត្រឹមខែធ្នូ។
គួរបញ្ជាក់ថា បើទោះជាមានសម្ពាធពីក្រុមឧស្សាហកម្មដែកថែបអាមេរិក ឲ្យរក្សាពន្ធគយសន្តិសុខជាតិ “ជំពូក២៣២” ដែលដាក់ដោយលោក ត្រាំ ក៏ដោយ ក៏សេចក្តីព្រាងនេះបាននិយាយថា “យើងប្តេជ្ញាធ្វើការងារឆ្ពោះទៅរកការលើកលែងរាល់ពន្ធគយបន្ថែមឬក៏ពន្ធគយពិន័យទាំងអស់ លើភាគីទាំងសងខាង នៅមុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធជម្លោះដែកថែបនិងអាលុយមីញ៉ូមរបស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង