ភ្នំពេញ ៖ ក្រុមអ្នកចិញ្ចឹមត្រី បានបញ្ចេញដង្ហើយហៅ រកអ្នកទិញត្រីខ្លួន ដោយសារត្រីចិញ្ចឹមបានផលហើយ គ្មានម៉ូយមកទិញ ខណៈចំណាយ នៃការចិញ្ចឹម ក៏ដូចជាចំណីឡើងថ្លៃ ។
លោក ភឿន ប្រុសបុត្រ ជាអ្នកចិញ្ចឹមត្រីបានថ្លែងនៅថ្ងៃ១១ មិថុនា ថា “សម្តេចតេជោ ហ៊ុន សែន ឲ្យចិញ្ចឹមត្រី ក្រសួងកសិកម្មឲ្យចិញ្ចឹមត្រី ពួកខ្ញុំចិញ្ចឹមត្រីហើយ ត្រីធំហើយអត់មានម៉ូយមកទិញទៀត” ។
លោកថា ខ្លួនមានត្រីប្រមាណជា៣០តោន តែគ្មានអ្នកមកទិញទេ ។ លោកបន្តថា “ត្រីចេះតែចុះថោក តែចំណីចេះតែឡើងថ្លៃ ។ តើឲ្យពួកខ្ញុំចិញ្ចឹមត្រី គិតយ៉ាងម៉េច ត្រីថោកហើយ អត់មានអ្នកចាប់ទៀត” ។
សម្រាប់នៅភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានក្រុមវារីវប្បករបីនាក់បានបង្ហាញត្រីប្រាដ៏ល្អ កំពុងហែលក្នុងស្រះ មានទំហំចាប់ពីប្រាំបីខាំ ដល់មួយគីឡូពីរខាំ មានបរិមាណជាង៤០តោន តែគ្មានអ្នកមកសួរនាំឡើយ ។ នេះបើតាមការដឹង ពីសមាគមវារីវប្បករនៅកម្ពុជា។
សមាគមវារីវប្បករនៅកម្ពុជាបានឲ្យដឹងទៀតថា “បងប្អូនវារីវប្បករជូនដំណឹងមកសមាគមព្រឹកនេះថា ត្រីកាន់តែធំ អត់មានអ្នកមកចាប់ ឯចំណីរោងចក្រឡើងថ្លៃ វារីវប្បករទ្រោលលែងរួចហើយ នៅលើទីផ្សារឃើញតែត្រីគេ តើឲ្យបងប្អូនយកត្រីទៅណា ? តើឲ្យវារីវប្បកររស់ និងដើរទៅមុខយ៉ាងណា ?”។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ក្រសួងបានកាត់បន្ថយការនាំចូលត្រីពីក្រៅស្រុកបាន៥០% សម្រាប់ប្រភេទត្រី ដែលមានអ្នកចិញ្ចឹមក្នុងស្រុក ដូចជាត្រីប្រា ពោរ និងត្រីឆ្តោជាដើម។ លោកបន្តថា ក្នុងមួយខែមកនេះគ្មានការ នាំចូលត្រីពីវៀតណាមកទេ ។ នេះបើយោងតាមការចេញផ្សាយ របស់វិទ្យុបារាំងអន្តរជាតិ ៕