ព័ត៌មានអន្តរជាតិ

អាមេរិកដាក់ទណ្ឌកម្ម បណ្ដាញរត់ពន្ធ ដែលជួយដល់ ពួកឧទ្ទាមហូធី

បរទេស៖ រដ្ឋបាលលោក បៃដិន តាមសេចក្តីរាយការណ៍ បានចុះបញ្ជីខ្មៅ បណ្ដាញរត់ពន្ធមួយ ដែលខ្លួនចោទថា បានជួយដល់កងកម្លាំងការពារ បដិវត្តន៍ឥស្លាមអ៊ីរ៉ង់ និងពួកឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន ដែលមានសម្ពន្ធភាព ជាមួយអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា បណ្ដាញដែលដឹកនាំដោយហិរញ្ញិកពួកហូធីមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់ គឺលោក Sa’id al-Jamal នេះ រកប្រាក់បានរាប់សិបលានដុល្លារ ដោយការលក់ទំនិញនានា ដូចជាប្រេងកាតអ៊ីរ៉ង់ ទៅឲ្យអ្នកដែលគេចវេសពីទណ្ឌកម្ម តាមរយៈក្រុមហ៊ុនសាជីវកម្មអន្តរជាតិ ឈ្មួញកណ្ដាល និងកន្លែងប្តូរប្រាក់។
លោក Andrea Gacki ជានាយកនៃការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៅក្រសួងរតនាគារ បានមានប្រសាសន៍ដូច្នេះថា “ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុរបស់បណ្ដាញនេះ បានជួយឲ្យមានការវាយប្រហារដ៏គួរឲ្យខ្ពើមរបស់ពួកហូធី គម្រាមកំហែងដល់ជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសយេម៉ែននិងអារ៉ាប៊ីសាអូឌីត”។

យោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍បន្ថែមទៀតដូច្នេះថា “ការវាយប្រហារទាំងនេះ ធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំ ប្រឹងប្រែងនាំជម្លោះទៅរកទីបញ្ចប់ ហើយដែលសោកសៅបំផុតនោះ ធ្វើឲ្យប្រជាជនគ្មានកំហុសរាប់លាននាក់រងនូវភាពអត់ឃ្លាន”៕

ប្រែសម្រួល៖ប៉ាង កុង

To Top