អត្ថបទ

សែលកាត ផ្តល់ជូនអាហារូបករណ៍​ ដើម្បីជួយគាំទ្រអ្នកអភិវឌ្ឍន៍ កម្មវិធីជំនាន់ថ្មី នៅកម្ពុជា

ភ្នំពេញ៖ នេះជាផ្នែកមួយនៃការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន ក្នុងការជួយកសាងចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថល នៅកម្ពុជា សែលកាតបានសហការ ជាមួយ SabaiCode ដើម្បីផ្តល់ជូនដល់សិស្សនិស្សិត ចំនួន ១០រូប នូវឱកាសចូលរួម ក្នុងវគ្គ Bootcamp សរសេរកូដ។

តាមរយៈកិច្ចសហការជាដៃគូ រយៈពេលមួយឆ្នាំនេះ សែលកាតនឹងជួយឧបត្ថម្ភ ដល់សិស្សនិស្សិតឱ្យបានចូលសិក្សា ផ្នែកអភិវឌ្ឍន៍សូហ្វវែរ និងកម្មវិធី នៅក្នុងវគ្គ Full Stack Developer Bootcamp ដែលត្រូវបានរៀបចំឡើង យ៉ាងពិសេសដោយផ្ទាល់ ពីការិយាល័យកណ្តាល របស់ SabaiCode នៅឯ Silicon Valley។

Bootcamp គឺជាកម្មវិធីសិក្សា រយៈពេល ១២ខែ ដែលនឹងជួយផ្លាស់ប្តូរ សិស្សនិស្សិតវ័យក្មេង ដែលមិនមានបទពិសោធន៍ ក្នុងការសរសេរកូដ ឱ្យក្លាយខ្លួនជាអ្នកជំនាញ អភិវឌ្ឍន៍កម្មវិធី ដែលអាចចូលរួម បម្រើការងារប្រកបដោយសមត្ថភាព ពេញលេញ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា វគ្គសិក្សានេះ គឺជាការបោះជំហានទៅមុខ ដ៏អស្ចារ្យមួយ ក្នុងការជម្រុញឱ្យយុវជន ជ្រើសរើសយកនូវជំនាញ ដែលពុំសូវពេញនិយមនា ពេលកន្លងមក ដើម្បីជួយផ្លាស់ប្តូរប្រទេសកម្ពុជា ឱ្យក្លាយទៅជាឌីជីថលនីយកម្ម។

លោកបានថ្លែងថា ជំហ៊ានដំបូងនេះ នឹងជួយកសាងមូលដ្ឋានគ្រឹះ សម្រាប់ពេលអនាគត ដើម្បីលើកទឹកចិត្ត ឱ្យសិស្សនិស្សិត កាន់តែច្រើនឡើង មកចាប់យកជំនាញ សរសេរកូដនេះ។

លោក វ៉ាតសុន បានមានប្រសាសន៍ទៀតថា “យើងបានឃើញសន្ទុះកើនឡើង នៃការប្រើប្រាស់ប្រព័ន្ធឌីជីថល នៅកម្ពុជា ស្របពេលដែលពលរដ្ឋខ្មែរ ចាប់ផ្តើមចេះបញ្ជាទិញទំនិញ តាមអនឡាញ បង់វិក្កយបត្រ សិក្សា និងជួបប្រជុំតាមរយៈកម្មវិធី ទូរស័ព្ទជាដើម”។

“យើងត្រូវបង្កើនជំនាញឌីជីថល ដូចជាការសរសេរកូដ នេះជាដើម ដើម្បីធានាថា យើងអាចដើរទន្ទឹមគ្នាជាមួយ ប្រទេសជិតខាងរបស់យើង ក៏ដូចជាជួយផ្តល់ ដល់សហគ្រិនវ័យក្មេង និងធុរកិច្ចថ្មីៗ នូវការគាំទ្រ ដែលពួកគេត្រូវការ ជាចំបាច់ផងដែរ”។

“នេះជាឱកាស ដ៏ប្រសើរបំផុតមួយ សម្រាប់យុវជនខ្មែរ ដែលពុំមានលទ្ធភាព ផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ ក្នុងការចាប់យកនូវអាជីពថ្មី ក្នុងវិស័យឌីជីថល ដែលកំពុងមានភាពទាក់ទាញខ្លាំង នៅក្នុងប្រទេសកម្ពុជា”។

លោក ឡេង ពិសិដ្ឋ ស្ថាបនិក SabaiCode ដែលបច្ចុប្បន្ន មានមូលដ្ឋាននៅ Silicon Valley បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនសែលកាត ដែលបានផ្តល់អាហារូបករណ៍ ជូនដល់សិស្សនិស្សិត ដែលស្រឡាញ់ចូលចិត្ត ផ្នែកបច្ចេកវិទ្យា ដើម្បីក្លាយខ្លួន ជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍ សូហ្វវែរ។

“ពួកយើងមានក្តីរំភើបរីករាយបំផុត ដែលបានចាប់ដៃគូជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យា ឈានមុខគេ ដូចជាសែលកាតនេះ ដែលបេសកកម្មរបស់ពួកគេ រួមមានទាំងការតបស្នង ជួយទៅដល់សហគមន៍វិញផងនោះ។ កិច្ចសហការឌីជីថលមួយនេះ នឹងជួយឱ្យពួកយើង អាចផ្តល់ឱកាសដល់សិស្សនិស្សិត ដែលមានសក្តានុពលខ្ពស់ ប៉ុន្តែពុំមានលទ្ធភាព គ្រប់គ្រាន់អាចចូលរួមក្នុងកម្មវិធីនេះបាន។ ជំនួយឧបត្ថម្ភនេះ ពិតជានឹងអាចជួយ កែប្រែអនាគត សិស្សនិស្សិតទាំងអស់នេះ ជាក់ជាពុំខាន ហើយទន្ទឹមនឹងនោះ ពួកយើងក៏នឹងទន្ទឹងរង់ចាំមើល នូវលទ្ធផលជាផ្លែផ្កា ដែលកើតចេញពីទំនាក់ទំនង ជាដៃគូនេះផងដែរ”។

តាមរយៈវគ្គ Bootcamp នេះ សិស្សនិស្សិតទាំងអស់ នឹងទទួលបានការណែនាំ ដោយអ្នកសរសេរកូដ ដែលមានបទពិសោធន៍ខ្ពស់ ស្របពេលដែលពួកគេ កំពុងក្រេបយកនូវជំនាញ ដែលត្រូវការជាចាំបាច់ ដើម្បីក្លាយខ្លួន ជាអ្នកសរសេរកម្មវិធីអាជីព។ វគ្គសិក្សានេះ រួមបញ្ចូលទាំងគម្រោង អនុវត្តន៍ជាក់ស្តែង ដែលអនុញ្ញាតឱ្យសិស្សនិស្សិត អាចកសាងគុណវុឌ្ឈិដ៏រឹងមាំ សម្រាប់បង្ហាញ ជូនដល់ក្រុមហ៊ុន ដែលពួកគេមានចំណាប់អារម្មណ៍ ចង់បម្រើការងារជូនផងដែរ។

បន្ទាប់ពីបញ្ចប់ការសិក្សារួច SabaiCode នឹងជួយដល់សិស្សនិស្សិត ក្នុងការស្វែងរកការងារ នៅក្នុងវិស័យអភិវឌ្ឍន៍សូហ្វវែរ ឱ្យបានជោគជ័យ។

កិច្ចសហការជាដៃគូនេះ បានលេចចេញជារូបរាងឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាត បានដាក់ឱ្យដំណើរការ Pouk Mak App ដែលជាកម្មវិធីជជែកកម្សាន្តខ្មែរ បង្កើតឡើងដើម្បីជួយ ឱ្យប្រជាពលរដ្ឋខ្មែរ អាចទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធឡើង។ បង្កើតឡើងដោយកូនខ្មែរសម្រាប់ប្រជាពលរដ្ឋខ្មែរ កម្មវិធីនេះមានផ្តល់ជូននូវផ្ទាំង កម្មវិធីជាភាសាខ្មែរ ១០០% និងផ្តល់ជូនដល់អ្នកប្រើប្រាស់នូវការតេចេញ និងផ្ញើសារដោយឥតគិតថ្លៃ ពោលគឺអនុញ្ញាតឱ្យពួកគេអាចផ្ញើនិងទទួល ឯកសារ រូបថតនិងវីដេអូ លេងហ្គេមអនឡាញ តាមដានព័ត៌មាន និងរក្សាទុក ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-19 បែបឌីជីថលជាដើមទៀតផង។

សិស្សនិស្សិត ដែលមានចំណាប់អារម្មណ៍ ជាមួយវគ្គ Bootcamp អាចស្វែងយល់បន្ថែម ឬដាក់ពាក្យតាមរយៈ https://sabaicode.com/bootcamp/form៕

To Top