ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម នាំអំណោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្ដល់ជូនប្រជាពលរដ្ឋ ៣០០គ្រួសារ នៅស្រុកស្ទឹងត្រង់

កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ បាននាំអំណោយ លោក បណ្ឌិត ហ៊ុន ម៉ាណែត ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដែលកំពុងជួបការខ្វះខាត ក្នុងជីវភាព ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

អំណោយដែលបានផ្ដល់ ជូនប្រជាពលរដ្ឋទាំង ៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម . ត្រីខកំប៉ុង ១០កំប៉ុង . មីចំនួន ១៥កញ្ចប់ . ទឹកត្រី ១យួរ . ទឹកស៊ីអ៉ីវ ១យួរ. ថ្នាំពេទ្យ ៥មុខ . ម៉ាសចំនួន ២០ម៉ាស . សាប៊ូ ១ដុំ . ជែល លាងដៃ ២ដបតូច ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ បានមានប្រសាសន៍ថា អំណោយ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋ នាពេលនេះ គឺជាការចូលរួមពីសប្បុរសជន ទាំងឡាយក្រោមការ ផ្ដួចផ្ដើមរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានខិតខំកៀងគរ សប្បុរសជន បានជាអំណោយ យកមកដល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបវិបត្តិខ្វះខាត ជីវភាពដោយសារ តែការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នាពេលនេះ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការ ការពារខ្លួន ជៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នងដំណាក់កាលនៃការឆ្លង រាលដាល ជម្ងឺកូវីដ-១៩នេះ ៕

To Top