ព័ត៌មានជាតិ

អង់គ្លេស សន្យា បញ្ជូនអ្នកជំនាញ មកសិក្សាពីតម្រូវការ របស់កម្ពុជា ដើម្បីធ្វើឱ្យកាន់ តែប្រសើរឡើង ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ (Video)

ភ្នំពេញ ៖ ដើម្បីជួយក្រសួងបរិស្ថាន លើកិច្ចការងារបរិស្ថាន និងធនធានធម្មជាតិ រដ្ឋមន្ត្រីការបរ ទេសចក្រភព អង់គ្លេស សន្យាថា នឹងបញ្ជូនក្រុមបេសកកម្ម ជំនាញមកកម្ពុជា ដើម្បីសិក្សាពីតម្រូវការ របស់កម្ពុជា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង ក្នុងវិស័យបរិស្ថាន និង ធនធានធម្មជាតិ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៣ មិថុនានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៣ មិថុនា លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេសកំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស បានជួបពិភាក្សាជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។

បើតាមលោក នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងអំឡុងនៃកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរក្នុងនាមជាមិត្តភ័ក្តិនិងដៃគូ ដោយក្នុងនោះបានលើកឡើង ពីប្រធានបទមួយចំនួន ទាក់ទងនឹងវិស័យបរិស្ថាន ដូចជា ការប្រយុទ្ធប្រឆាំងនឹងការ ប្រែប្រួលអាកាសធាតុ និងការចូលរួមរបស់កម្ពុជា ក្នុងកិច្ចប្រជុំ COP26 ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចការអាទិភាពនានា ដែលប្រទេស ទាំងពីរ នឹងធ្វើរួមគ្នា ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះការប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃឆ្លង ដែន និងការប្រើប្រាស់ ថាមពលកកើតឡើងវិញជាដើម ។

អ្នកនាំពាក្យក្រសួងបរិស្ថានបន្តថា លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ដូមីនិក រ៉ាអាប់ ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានសង្កត់ធ្ងន់ពីទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ ដែលរហូតមកទល់ពេលនេះ មានរយៈពេល ៣០ ឆ្នាំហើយដែលចក្រភពអង់គ្លេស បានបើកស្ថានទូត របស់ខ្លួនឡើងវិញ នៅកម្ពុជា ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស ក៏បានកោតសរសើរ ចំពោះអភិវឌ្ឍរីកចម្រើន ដែលកម្ពុជាសម្រេច ។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោករដ្ឋមន្ត្រីរដ្ឋមន្ត្រី ការបរទេសចក្រភពអង់គ្លេស បានថ្លែងថា ការអញ្ជើញមកប្រទេសកម្ពុជា នៅពេលនេះ របស់លោកក្នុងនាម ជាមិត្តភ័ក្តិនិងជាដៃគូ និងដើម្បីស្វែងយល់ពីតម្រូវការ របស់ប្រទេសកម្ពុជា និង ជួយប្រទេសកម្ពុជា ដើម្បីឱ្យមានការអភិវឌ្ឍរីក ចម្រើនបន្ថែ ក្នុងនោះលោករដ្ឋមន្រ្តី ការបរទេសចក្រភពអង់គ្លេស ក៏បានសាកសួរ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានថា តើអង់គ្លេសអាចជួយអ្វីបាន ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ។

លោករដ្ឋមន្ត្រី សាយ សំអាល់ បានជម្រាបជូនលោករដ្ឋមន្រ្តីការបរទេស ចក្រភពអង់គ្លេស អំពីកិច្ចការដែលក្រសួងបរិស្ថាន សម្រេចបានក្នុង កិច្ចការពារបរិស្ថាន និង ការអភិ រក្សធនធានធម្មជាតិ ។ លោករដ្ឋមន្ត្រី សាយ សំអាល់ បានជម្រាបជូនរដ្ឋមន្ត្រី អង់គ្លេសថា អ្វីដែលចក្រភពអង់គ្លេស អាចជួយកម្ពុជា បានក្នុងវិស័យបរិស្ថាន គឺការបណ្តុះបណ្តាលធនធាន មនុស្ស ក្នុងកិច្ចការបរិស្ថាននិងធនធានធម្មជាតិ បង្កើនភាពជាដៃគូផ្នែកពាណិជ្ជ កម្ម និងទិញផលិតផលពីប្រទេសកម្ពុជា ។ នៅក្នុងវិស័យបរិស្ថាន អង់គ្លេសអាចទិញឥណទានកាបូន ហើយថវិកានោះនឹងត្រូវប្រើប្រាស់ ដើម្បីបម្រើឱ្យ ការអភិរក្សព្រៃឈើ និងសត្វព្រៃ និងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានតាមរយៈការផ្តល់ជម្រើសថ្មី មុខរបរ និងចំណូលសម្រាប់ ប្រជាពលរដ្ឋ។

ដើម្បីជួយក្រសួងបរិស្ថាន លើកិច្ចការងារបរិស្ថាន និងធនធានធម្មជាតិ រដ្ឋមន្ត្រីការបចក្រភពអង់គ្លេស សន្យាថា នឹងបញ្ជូនក្រុមបេសកកម្មជំនាញមកកម្ពុជា ដើម្បីសិក្សាពីតម្រូវការរបស់កម្ពុជា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ។ លោករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ៕

To Top