ភ្នំពេញ៖ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីក្រសួងការបរទេស អង់គ្លេស បានលើកឡើងថា ចក្រភពអង់គ្លេស ទន្ទឹងរង់ចាំក្នុងការធ្វើការ យ៉ាងជិតដិតជាមួយកម្ពុជា នាពេលខាងមុខ ក្នុងអំឡុងពេលប្រទេសកម្ពុជា ជាប្រធានកិច្ចប្រជុំ អាស៊ាន ក្នុងឆ្នាំ២០២២ ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ស្ថានទូតអង់គ្លេសប្រចាំ កម្ពុជា បានឲ្យដឹងថា លោករដ្ឋមន្រ្តីក្រសួង ការបរទេសអង់គ្លេស មានសេចក្តីរីករាយដែលបានជួប ជាមួយរដ្ឋមន្រ្តីក្រសួងការ បរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន ដើម្បីពិភាក្សាអំពីកិច្ច សហប្រតិបត្តិ រវាងចក្រភពអង់គ្លេស និងឥណ្ឌូប៉ាស៊ីហ្វិក ជុំវិញអាទិភាពរួមដែលរួមមាន ពាណិជ្ជកម្ម ភាពប្រសើរឡើងវិញ ពីស្ថានភាពកូវីដ សិទ្ធិមនុស្ស និង អំពីប្រទេសមីយ៉ាន់ម៉ា។
ស្ថានទូតបញ្ជាក់ថា «ចក្រភពអង់គ្លេសទន្ទឹងរង់ចាំ ក្នុងការធ្វើការយ៉ាងជិតដិតជាមួយកម្ពុជា នាពេលខាងមុខ ក្នុងអំឡុងពេលប្រទេសកម្ពុជា ជាប្រធានកិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ២០២២» ។
សូមរំលឹកថា លោក ដូមីនិក រ៉ាអាប់ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាថ្ងៃទី២៣ មិថុនា ដោយក្នុងដំណើរទស្សនកិច្ចនេះ លោក ដូមីនិក រ៉ាអាប់ បានជួបពិភាក្សាការងារជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏ដូចជាអញ្ជើញទៅទស្សនា សារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ ។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា ក៏នឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខ នៅក្នុងកិច្ចសហប្រតិបត្តិការ ពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន ៕