បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយប្រាប់មេដឹកនាំ យោធាមីយ៉ានម៉ា លោក Min Aung Hlaing ថា ទីក្រុងមូស្គូមានការប្តេជ្ញាធ្វើការពង្រឹង ចំណងមិត្តភាពយោធា ជាមួយប្រទេសមីយ៉ានម៉ា នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័តឥមានរុស្ស៊ី RIA។
នៅក្នុងជំនួបគ្នាមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោករដ្ឋមន្ត្រីការពារជាតិ នៃប្រទេសរុស្ស៊ី បានមានប្រសាសន៍ យ៉ាងដូច្នេះថា “យើងមានការប្តេជ្ញាបន្តកិច្ចប្រឹងប្រែង របស់យើង ក្នុងការពង្រឹងចំណងមិត្តភាពទ្វេភាគី ផ្អែកលើការយោគយល់ ចំពោះគ្នាទៅវិញទៅមក ការគោរពនិងការទុកចិត្តគ្នា ដែលធ្លាប់បានបង្កើតឡើង រវាងប្រទេសរបស់យើង”។
ចំណែកសកម្មជនសិទ្ធិមនុស្ស បានចោទប្រកាន់ទីក្រុងមូស្គូថា កំពុងតែធ្វើឲ្យមានភាពស្របច្បាប់ ចំពោះរបបយោធា ដែលបានធ្វើការដណ្តើមអំណាច ក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ខែកុម្ភៈ តាមរយៈការបន្តដំណើរ ទស្សនកិច្ចទ្វេភាគី និងកិច្ចព្រមព្រៀងលក់អាវុធ។
លោក Min Aung Hlaing បានទៅរដ្ឋធានីនៃប្រទេសរុស្ស៊ី ដើម្បីចូលរួម ក្នុងសន្និសីទសន្តិសុខមួយ ហើយនៅមុននោះបានជួបជាមួយលោក Nikolai Patrushev ជាលេខាធិការក្រុមប្រឹក្សាសន្តិសុខ របស់ប្រទេសរុស្ស៊ី
គួរបញ្ជាក់ថា ចំណងមិត្តភាពការពារជាតិ រវាងប្រទេសទាំងពីរ បានកើនខ្លាំងឡើង ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទីក្រុងមូស្គូបានផ្តល់ការហ្វឹកហាត់កងទ័ព និងអាហារូបករណ៍នៅសាកលវិទ្យាល័យ ឲ្យដល់ទាហានរាប់ពាន់នាក់ ក៏ដូចជាលក់អាវុធឲ្យយោធាមីយ៉ានម៉ា ដែលត្រូវបណ្ដាប្រទេស លោកខាងលិចមួយចំនួន ចុះក្នុងបញ្ជីខ្មៅ៕ ប្រែសម្រួល៖ប៉ាង កុង