Covid-19

គណៈកម្មការប្រតិបត្តិកូវីដ-១៩ កំពុងពិនិត្យសំណើររបស់ GMAC ស្នើមិនឲ្យយករោងចក្រ ធ្វើកន្លែង ចត្តាឡីស័ក

ភ្នំពេញ ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលយ៉ាងខ្លី នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ថា គណៈកម្មការប្រតិបត្តិកូវីដ-១៩កំពុងពិនិត្យសំណើររបស់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលបានស្នើមកកាន់រាជរដ្ឋាភិបាល មិនឲ្យយករោងចក្រ ធ្វើជាកន្លែងចត្តាឡីស័កសម្រាប់ដាក់កម្មករជាប់ពាក់ព័ន្ធជំងឺកូវីដ-១៩ ។

សមាគមរោងចក្រកាតដេរកម្ពុជាបានស្នើរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាកុំឲ្យយករោងចក្រធ្វើជាកន្លែងចត្តាឡីស័ក សម្រាប់ដាក់កម្មករដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ហើយបើក្នុងករណីរោងចក្រណាមួយផ្ទុះជំងឺកូវីដ១៩ខ្លាំង គួរតែបិទតែម្តង តែចំពោះរោងចក្រណា មានអ្នកឆ្លងត្រឹម១០ទៅ២០ភាគរយមិនគួរបិទទេ។ នេះបើតាមចេញផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ។

កន្លងមកមានការផ្ទុះជំងឺកូវីដ-១៩នៅតាមបណ្តាររោងចក្រនានាហើយបានបិទជាបន្តបន្ទាប់ ។ សព្វថ្ងៃ ការផ្ទុះជំងឺកូវីដ-១៩ នៅតាមរោងចក្របានក្លាយទៅជាចង្កោមមួយគួរឲ្យព្រួយបារម្មណ៍ ខណៈប៉ុន្មាន ថ្ងៃមុននេះ មានរោងចក្រមួយនៅខណ្ឌមានជ័យបានឆ្លងជាង២០០នាក់ ៕

To Top