បរទេស ៖ អ្នករាយការណ៍ ពិសេសអង្គការ សហប្រជាជាតិ នៅថ្ងៃចន្ទម្សិលមិញនេះ បាននិយាយ ប្រាប់ ប្រទេសប៉េឡារុស ឲ្យដោះលែងភ្លាម នូវមនុស្សប្រមាណ ៥៣០នាក់ ដែលក្រុមសិទ្ធិមនុស្សគិតថា ជាអ្នកទោស នយោបាយ ស្របពេលដែលប្រេសិត ទីក្រុងវ៉ាស៊ីនតោន បានព្រលយពាក់ ពីភាពអាចទៅរួច នៃការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចបន្ថែម លើប្រទេសនេះ ។
អាជ្ញាធរប៉េឡារុស បានធ្វើការបង្ក្រាបយ៉ាងខ្លាំងក្លា ក្រោយការតវ៉ាប្រឆាំង រដ្ឋាភិបាលដ៏ធំបានផ្ទុះឡើង កាលពីរដូវក្តៅមុន ជុំវិញការចោទប្រកាន់ ពីការក្លែងបន្លំសន្លឹងឆ្នោត នៅក្នុងការបោះឆ្នោត ដែលបានផ្តល់ឲ្យលោក Alexander Lukashenko នូវតំណែងជាប្រធានាធិបតី មួយអាណត្តិទៀត ។
ដោយបង្ហាញនូវ របាយការណ៍ប្រចាំឆ្នាំ ដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ លោកស្រី Anaïs Marin បានប្រៀបប្រដូច ប្រទេសប៉េឡារុស ទៅនឹងផ្តាច់ការ និងបានពិពណ៌នាថា ស្ថានភាពកំពុងតែធ្លាក់ចុះដុនដាប គិតចាប់តាំង ពីការបោះឆ្នោតមក ។
លោកស្រីបានធ្វើការចង្អុលបង្ហាញ ពីការបង្ខំ ឲ្យយន្តហោះ ដឹកអ្នកដំណើរចុះចត នៅក្នុងទីក្រុង Minsk កាលពីខែឧសភា ដែលបានបណ្ដាល ឲ្យមានការចាប់ខ្លួនអ្នកសារ ព័ត៌មាន ប្រឆាំងមួយរូប ជារឿង ដែលលោកស្រីនិយាយថា បានបង្ហាញពីបំណង របស់អាជ្ញាធរបញ្ចប់ការ ប្រឆាំងគ្រប់ទម្រង់ តាមរយៈការបំបាត់ ចោលនូវធាតុសង្គម ដែលខ្លួនគិតថាមិនគួរឲ្យចង់បាន ៕
ប្រែសម្រួល៖ប៉ាង កុង