ភ្នំពេញ ៖ នៅចំពោះមុខថ្នាក់ដឹកនាំ នៃគណបក្សនយោបាយ និងស្ថាប័ននានាជុំវិញពិភពលោក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ជំនួយរបស់ចិន បានជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងឯករាជ្យខាងនយោបាយ ជាពិសេសនោះ កាត់បន្ថយភាពក្រីក្រ នៅប្រទេសកម្ពុជា ផងដែរ។
ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ នៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយ លើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ» នាយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះ គណបក្សកុម្មុយនិស្តចិន និងប្រជាជនចិន ដែលបានជួយកម្ពុជា ជារៀងរហូតមក។
សម្ដេចតេជោ មានប្រសាសន៍ថា «ជំនួយរបស់ចិនមកដល់កម្ពុជា មិនគ្រាន់តែជួយទៅដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ក៏ប៉ុន្ដែបានជួយដល់កម្ពុជា បានពង្រឹងនូវ ឯករាជ្យភាពខាងនយោបាយទៀតផង»។
សម្ដេចតេជោ បញ្ជាក់ទៀតថា ច្បាស់ណាស់ប្រទេសតូចតាច និងប្រទេសក្រីក្រ ត្រូវការចាំបាច់នូវ ឯករាជ្យ និងអធិបត្យភា ព ជៀសវាងនូវការបង្គាប់បញ្ជា និងការជ្រៀតជ្រែងពីខាងក្រៅ។ សម្ដេចថា ក្នុងន័យនេះ ជំនួយរបស់ចិន បានជួយដល់ការ ពង្រឹងនូវឯករាជ្យ ខាងនយោបាយ ដើរទន្ទឹម នឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការកាត់បន្ថយភាពក្រីក្រ៕ដោយ ៖ អេង ប៊ូឆេង