ព័ត៌មានជាតិ

មន្ត្រី ទេសចរណ៍ អាស៊ាន ជំរុញការបើកទេសចរណ៍ តំបន់ឡើងវិញ

ភ្នំពេញ ៖ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានពិភាក្សាអំពីគម្រោងបើកទេសចរណ៍ ក្នុងតំបន់អាស៊ានឡើងវិញ ប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ាន លើកទី៥៤ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំ The 54th ASEAN National Tourism Organizations (NTOs) Meeting) តាមប្រព័ន្ធវិដេអូ។

កិច្ចប្រជុំនេះ ក៏បានពិភាក្សាលើការងារទេសចរណ៍អាស៊ាន ដែលបានអនុវត្តកន្លងមក និងបន្តពិនិត្យលើការងារមួយចំនួន បន្ថែមទៀត សំដៅត្រៀមរៀបចំខ្លួនបើកវិស័យទេសចរណ៍ឡើងវិញ រួមមាន ៖ ការអនុវត្តយុទ្ធសាស្រ្តទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥ សំដៅផ្សព្វផ្សាយពីការរៀបចំខ្លួនរួចរាល់ក្នុងការទទួលទេសចរណ៍អន្តរជាតិ និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ ,ផែនការមេស្តីពីការតភ្ជាប់តំបន់អាស៊ាន ២០២៥ លើការអនុវត្តគម្រោងការធ្វើឲ្យប្រសើរឡើង នូវទំរង់ការទេសចរណ៍ឌីជីថលអាស៊ាន (Enhance ASEAN Tourism Digital Platforms)។

ជាងនេះទៅទៀត គោលការណ៍ណែនាំស្តីពី អនាម័យ និងសុវត្ថិភាពសម្រាប់អ្នកធ្វើការ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍ ,ការសិក្សាលើផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ គោលនយោបាយ និងការអនុវត្តល្អបំផុត អនុសាសន៍សម្រាប់ផែនការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ សម្រាប់ទេសចរណ៍អាស៊ាន ,ផែនការសកម្មភាពស្តីពីសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីទេសចរណ៍អាស៊ានប្រកបដោយនិរន្តភាព បរិយាបន្ន និងភាពរឹងមាំ។

គួរបញ្ជាក់ថា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានលើកទី៥៤ នឹងប្រព្រឹត្តទៅពេញមួយ ភ្ជាប់ជាមួយ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានបូកបី និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានបូកបីបូកឥណ្ឌា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ស្អែកនេះ៕

To Top