ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ញើសារអបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបអរសាទរ ក្នុងឱកាស ខួប៤ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២១) នៃការដាក់បញ្ចូលតំបន់ ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ។

តាមរយៈគេហទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះ មិនត្រឹមតែទទួលបានការគាំពារ ជាអន្តរជាតិនោះទេ តែក៏បានជួយផ្សព្វផ្សាយ សម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរ ទៅកាន់ឆាកអន្តរជាតិផងដែរ។ ក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ ដ៏ទាក់ទាញមួយផងដែរ”។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិ សូមចូលរួមថែរក្សាការពារ ប្រាសាទបូរាណទាំងអស់ នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់ ។

ប្រាសាទសំបូរព្រៃគុកមានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ ។ ប្រាសាទនេះស្ថិតនៅតាម បណ្តោយស្ទឹងសែនមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាន នៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៨១គីឡូម៉ែត្រពីរាជធានីអង្គរ នៃខេត្តសៀមរាប និងមានចម្ងាយប្រហែល ១៧០គីឡូម៉ែត្រ ពីប្រាសាទព្រះវិហារនៃខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ប្រាសាទសំបូរព្រៃគុក ជាប្រភេទរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលមានមានចម្ងាយប្រមាណ ៣៧គីឡូម៉ែត្រ បត់តាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ។ ប្រាសាទសង់លើដី រាបស្មើមានទំហំ ៣,០០០ ហិកតា ។

រមណីយដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។ ក្រុមប្រាសានេះសាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលំអរទៅដោយចម្លាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់មួយចំនួន។ ប្រាសាទនេះកសាងឡើង នៅរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ក្នុងសតវត្សរ៍ទី៧ (គ.ស៦១៦-៦៣៥) នាសម័យចេនឡា។

ក្រុមប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានបោះបង់ចោលតាំងពីឆ្នាំ១៩៧១ មកម្លេះ ហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ១៩៨០។ ក្នុងការកាប់ស្ការព្រៃគេរកឃើញមាន ប្រាសាទទាំងអស់ចំនួន ១៤០ប្រាសាទ ហើយនៅប្រាសាទពីរទៀត រកមិនទាន់ឃើញ ៕

To Top