ភ្នំពេញ ៖ គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការ ជាមួយ ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា (OHCHR) ដាក់ដំណើរការពិគ្រោះយោបល់ ជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និង ភាគីពាក់ព័ន្ធនានា ដើម្បីប្រមូលធាតុចូល លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិ សិទ្ធិមនុស្សកម្ពុជា ចាប់ពីខែកក្កដា ឆ្នាំ២០២១ នេះតទៅ។
យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា កិច្ចពិគ្រោះយោបល់ នឹងបែងចែក ជាក្រុមពិគ្រោះយោបល់ តាមវិស័យសិទ្ធិមនុស្សនីមួយៗ ហើយគ្រោងនឹងធ្វើឡើង តាមរយៈការជួបប្រជុំពិគ្រោះយោបល់ ដោយផ្ទាល់ ឬ/និងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ។ ការរៀបចំដំណើរការពិគ្រោះយោបល់នេះ គ្រោងនឹងធ្វើឡើងប្រមាណជា ៦០ កិច្ចពិគ្រោះយោបល់ រហូតដល់ត្រឹមដំណាច់ឆ្នាំ២០២១ ៕