កំពង់ចាម ៖ អភិបាលរង នៃគណៈអភិបាលស្រុកកំពង់សៀម លោក ឈួន វិបុល រួមជាមួយក្រុមការងារនៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១នេះ បានចុះវាស់វែង ដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ដើម្បីទុកសម្រាប់ធ្វើការអភិវឌ្ឍផ្សេងៗនាពេលខាងមុខ ។
លោកអភិបាលរងស្រុកកំពង់សៀម បានឲ្យដឹងថា ដីប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំអូរស្វាយ បានវាស់ធ្វើប្លង់លក្ខណៈជាប្រព័ន្ធរួចរាល់អស់ហើយ ។ ដូច្នេះសុទ្ធតែក្បាលដីស្របច្បាប់ និងមានប្លង់រឹងកំណត់ព្រំប្រទល់ត្រឹមត្រូវ មិនអាចមានទំនាស់លើបញ្ហាអ្វីទេ ព្រោះបងប្អូនប្រជាពលរដ្ឋមានប្លង់ដើម្បីផ្ទៀងផ្ទាត់ទៅលើជើងម៉ែត្រ និងចំណីផ្លូវដែលបានកំណត់ ដោយមន្ត្រីរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ។
ជាមួយគ្នានោះដែរលោកអភិបាលរងស្រុកបានសំណូមពរដល់ប្រជាពលរដ្ឋ មុននឹងធ្វើការសាងសង់អ្វីមួយ សូមធ្វើការស្នើសុំមកអាជ្ញាធរ ដើម្បីចុះពិនិត្យជាមុនសិន ជៀសវាងមានប៉ះពាល់លើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ នាំឱ្យមានបញ្ហានៅពេលក្រោយ ។
លោកអភិបាលរងស្រុកបានបញ្ជាក់ថា នៅពេលនេះ លោកនឹងចាត់បញ្ជាឱ្យក្រុមមន្ត្រីជំនាញភូមិបាល ចុះវាស់វែងឆែកជើងម៉ែត្រ ដើម្បីកំណត់ចំណុចចំណីផ្លូវសាធារណៈរបស់រដ្ឋ ចំណែកក្បាលដីរបស់ប្រជាពលរដ្ឋអាចធ្វើការផ្ទៀងផ្ទាត់ ទៅតាមប្លង់រឹងដែលខ្លួនបានកាន់កាប់៕