ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កូសបញ្ជាក់ពីទំនាក់ទំនងជាមិត្ដ និងយុទ្ធសាស្រ្ត ជាមួយវៀតណាម

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង ជាមិត្ដ និង យុទ្ធសាស្ត្ររបស់ខ្លួនជាមួយប្រទេសវៀតណាមនៅពេលដែលខ្លួនបានកត់សម្គាល់ខួបនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់ប្រទេដទាំងពីរ ប្រហែលប្រាំមួយទសវត្សរ៍មុន។

ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា“ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងវៀតណាមបានវិវត្តទៅជាទំនាក់ទំនងថ្មី និងជាយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ននេះ” ។

ក្រសួងបានបន្ថែមទៀតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងឈានដល់ចំណុចខ្ពស់បំផុតនាពេលអនាគត ចំពេលមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅពីថ្នាក់ដឹកនាំ និងគណបក្សរៀងៗខ្លួន។

ស្ថាបនិករដ្ឋចុងក្រោយរបស់កូរ៉េខាងជើង លោកគីម អ៊ីលស៊ុង បានធ្វើដំណើរទៅប្រទេសវៀតណាម ក្នុងឆ្នាំ១៩៥៨ និង ១៩៦៤ ហើយបានជួបមេដឹកនាំវៀតណាមលោក ហូ ជីមិញ។

មេដឹកនាំបច្ចុប្បន្នលោកគីម ជុងអ៊ុន បានធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម ក្នុងឆ្នាំ ២០១៩ សម្រាប់កិច្ចប្រជុំកំពូលលើកទី ២ របស់លោកជាមួយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងក្នុងរយៈពេល ៥៥ ឆ្នាំដែលធ្វើដំណើរទៅប្រទេសអាស៊ីអាគ្នេយ៍បន្ទាប់ពីលោកតារបស់លោក។

ការសង្កត់ធ្ងន់ជាថ្មីរបស់កូរ៉េខាងជើង ទៅលើចំណងមិត្តភាពរបស់ខ្លួន ជាមួយវៀតណាម បានកើតឡើងបន្ទាប់ពីប្រទេសនេះ បានប្តេជ្ញាជំរុញទំនាក់ទំនងជាមួយបណ្តាប្រទេសសង្គមនិយមនៅក្នុងកិច្ចប្រជុំគណបក្សពេញអង្គមួយនៅក្នុងខែមករា៕ដោយ ឈូក បូរ៉ា

To Top