ព័ត៌មានអន្តរជាតិ

យោធាចិន បណ្ដេញនាវាចម្បាំងអាមេរិក នៅដែនសមុទ្រចិន ខាងត្បូង

បរទេស៖យោធាចិន បាននិយាយថា បានបណ្ដេញនាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង ដែលខ្លួននិយាយថា ធ្វើដំណើរចូល ដោយខុសច្បាប់ក្នុងដែនទឹកចិន នៅជិតប្រជុំកោះប៉ារ៉ាសែល នាថ្ងៃចន្ទនេះ ដែលជាគម្រប់ខួបនៃសេចក្តីសម្រេច របស់តុលាការអន្តរជាតិ ដែលថា ទីក្រុងប៉េកាំងគ្មានកម្មសិទ្ធិលើដែន សមុទ្រចិនខាងត្បូងទេ។

ទីបញ្ជាការភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា នាវាចម្បាំងអាមេរិក USS Benfold បានធ្វើដំណើរចូល ទៅក្នុងដែនទឹកនៃប្រជុំកោះប៉ារ៉ាសែល ដោយគ្មានអនុញ្ញាតយល់ព្រមពីរដ្ឋាភិបាលចិន ដែលនេះជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសចិន និងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព ដែនសមុទ្រចិនខាងត្បូង។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ទីបញ្ជាការភាគខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងជំរុញឲ្យសហរដ្ឋអាមេរិកបញ្ឈប់ភ្លាម នូវសកម្មភាពបង្កហេតុបែបនេះ”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងនាវាលេខ៧ របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវាចម្បាំង Benfold បានអះអាងសិទ្ធិនិងសេរីភាពនាវាចរណ៍ នៅតំបន់ក្បែរប្រជុំកោះប៉ារ៉ាសែល អនុលោមទៅតាមច្បាប់អន្តរជាតិ និងបានច្រានចោលនូវការអះអាង របស់ចិនអំពីការរំលោភបំពានដ៏ធ្ងន់ធ្ងរលើអធិបតេ្យភាពរបស់ខ្លួននោះ ថាជារឿងមិនពិតនិងជាការបកស្រាយខុស៕ប្រែសម្រួល៖ប៉ាង កុង

To Top