ព័ត៌មានជាតិ

សំណល់ថ្មពិល មានសារធាតុ កម្រិតពុលខ្លាំង បង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពមនុស្ស

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សំណល់ថ្មពិល មានសារធាតុកម្រិតពុលខ្លាំង ដូចជា បារត កាត់ម៉្ញូម នីកែល និងសំណ ដោយបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពរបស់មនុស្ស ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «សំណល់ថ្មពិល ត្រូវ បានចាត់ទុក ជាសំណល់ គ្រោះថ្នាក់ដោយសំណល់នេះ មានផ្ទុកទៅដោយសារធាតុគ្រោះថ្នាក់ដែលមានកម្រិតពុលខ្លាំង ដូចជា បារត កាត់ម៉្ញូម នីកែល និងសំណ។ ដូចនេះ ការទុកដាក់ ឬបោះចោលសំណល់ថ្មពិល មិនបានត្រឹមត្រូវនឹងបង្កឲ្យមានការ សាយភាយសារគ្រោះថ្នាក់ ចូលទៅក្នុងបរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពមនុស្ស»។

ក្រសួង រៀបរាប់ថា ការបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពមនុស្ស ដូចជា ៖ បង្កឲ្យខូចតម្រងនោម ធ្វើឲ្យថយចុះសារធាតុចិញ្ចឹមក្នុងឆ្អឹង ,បង្កឲ្យខូចប្រព័ន្ធប្រសាទ ខូចចលនាសាច់ដុំ បាត់បង់ការចងចាំ ,បង្កឲ្យកើតជំងឺមហារីក ខូចប្រព័ន្ធភាពស៊ាំ បំផ្លាញកោសិកា ,បង្កការរលូតគភ៌ ធ្វើឲ្យទារកកើតមិនមានភាពប្រក្រតី និងបង្កវិរូបកាយទារកដែលទើបកកើតក្នុងផ្ទៃ ឬទារកក្នុងផ្ទៃ។

ក្រសួងបន្ដថា ដើម្បីទប់ស្កាត់ការសាយភាយ សារធាតុគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងការពារសុខភាពមនុស្ស ពីផលប៉ះពាល់ ក្រសួងបានកំពុងអនុវត្តគម្រោងប្រមូល សំណល់ថ្មពិល ដោយការដាក់ធុង សំណល់ថ្មពិល នៅតាមទីតាំងបុរី ផ្សារទំនើប ស្ថានីយ៍ប្រេងឥន្ធនៈ។

ជាងនេះទៅទៀត ក្រសួងបរិស្ថាន នឹងបន្តដាក់ធុងសំណល់ថ្មពិល នៅតាមទីតាំងផ្សេងទៀត ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ក្នុងយកសំណល់ថ្មពិល មកទុកដាក់បាន ត្រឹមត្រូវ និងលុបបំបាត់ការបោះសំណល់ថ្មពិល លាយលំ ជាមួយសំណល់ធម្មតា ប្រមូលសំណល់ថ្មពិល យកមកទុកដាក់ អោយបានត្រឹមត្រូវ ៕

To Top