ព័ត៌មានអន្តរជាតិ

អាមេរិក៖អ៊ីរ៉ង់ប៉ុណ្ណោះអាចកំណត់ កិច្ចពិភាក្សា នុយក្លេអ៊ែជុំបន្ទាប់

បរទេស៖សហរដ្ឋអាមេរិក នឹងមិនដាក់កាលកំណត់ លើកិច្ចពិភាក្សាគ្នាជុំទី៧ ជាមួយអ៊ីរ៉ង់ ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ប៉ុន្តែមានតែអ៊ីរ៉ង់ប៉ុណ្ណោះ អាចកំណត់ពីពេលវេលា ដែលកិច្ចពិភាក្សាគ្នានឹងបន្ត នេះបើតាមសម្តីមន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price នៅថ្ងៃចន្ទសប្ដាហ៍នេះ។

លោក Ned Price តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា មានតែអ៊ីរ៉ង់ប៉ុណ្ណោះអាចនិយាយប្រាប់ពីពេលវេលានៃការបន្តកិច្ចពិភាក្សា ដែលបានចាប់ផ្តើម ក្នុងកិច្ចប្រឹងប្រែងស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ខែទីក្រុងវ៉ាស៊ីនតោនបានបោះបង់ចោលកាលពី៣ឆ្នាំមុន។

មន្ត្រីនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិករូបនេះ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា “យើងនឹងមិនដាក់កាលកំណត់លើកិច្ចពិភាក្សាគ្នាទាំងនេះទេ ប៉ុន្តែយើងដឹងថា នៅពេលដែលដំណើរការអភិវឌ្ឍទៅមុខនៃនុយក្លេអ៊ែអ៊ីរ៉ង់ នឹងជះឥទ្ធិពលលើទស្សនៈរបស់យើង ក្នុងការវិលទៅរកកិច្ចព្រមព្រៀង JCPOA នោះវិញ”។

គួរបញ្ជាក់ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានឡើងកាន់តំណែងនៅក្នុងខែមករា ដោយប្តេជ្ញាវិលត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ងឆ្នាំ២០១៥វិញ ហើយកិច្ចពិភាក្សាគ្នាជុំទី៦នៅក្នុងទីក្រុងវីយេន ត្រូវបានគេរាយការណ៍ថា មានការវិវត្តទៅមុខ ប៉ុន្តែនៅមិនមានការព្រមព្រៀងគ្នាជាចុងក្រោយនៅឡើយនោះទេ”៕ប្រែសម្រួល៖ប៉ាង កុង

To Top