ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា នាវាដឹកអ្នកដំណើរចំនួន១គ្រឿង មានពលរដ្ឋចំនួន ១០៩នាក់ នៅលើនោះបានឆាបឆេះ នៅលើដែនទឹកភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃចន្ទ ប៉ុន្តែអ្នកដំណើរទាំងអស់ និងក្រុមសហសេវឹកត្រូវបាន ជួយសង្គ្រោះប្រកបដោយសុវត្ថិភាព ។
លោក Aswind Abu Nawar ប្រធានអង្គភាពសង្គ្រោះបន្ទាន់នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំខេត្ត Kepulauan Bangka Belitung បានឲ្យដឹងថា នាវាដែលមានឈ្មោះ Gunsa 8 បានត្រូវអគ្គីភ័យឆាបឆេះ ដែលវាបានបណ្តែតខ្លួននៅច្រកដែនទឹក Bangka ។ អគ្គីភ័យបានកើតឡើងចេញពីម៉ាស៊ីននាវា ។
យោងតាមមន្ត្រីបានឲ្យដឹងថា នាវាបានចាកចេញពីខេត្តកំពង់ផែ និងជាតំបន់កំពង់ផែដ៏សំខាន់ នៅក្នុងខេត្ត ស៊ូម៉ាត្រា ខាងត្បូង ។
គាត់បានប្រាប់ដល់ស៊ិនហួតាមទូរស័ព្ទថា “អ្នកដំណើរទាំងអស់ក្នុងចំណោមអ្នកដំណើរ៩០នាក់ និងសមាជិកសហ សេវឹក១៩នាក់ ត្រូវបានជួយសង្គ្រោះដោយនាវាដឹកអ្នកដំណើរផ្សេងទៀតនៅគ្រានោះដែរ ។ ៦នាក់ក្នុងចំណោមអ្នកដំណើរ លើនាវានោះ ជាកុមារ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា