ព័ត៌មានអន្តរជាតិ

ពលរដ្ឋជាច្រើននាក់ បាត់បង់ជីវិត ក្រោយបាក់ដងសន្ទូច នៅកាណាដា

អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា យោងតាម Global News បានឲ្យដឹងថា ពលរដ្ឋជាច្រើននាក់ បាត់បង់ជីវិត និង៣នាក់ ផ្សេងទៀត បានរងរបួស បន្ទាប់ពីបាក់ដងសន្ទូច នៅក្រុង Kelowna ខេត្ត British Columbia ប្រទេសកាណដា កាលពីថ្ងៃចន្ទ ។

ដងសន្ទូចប្រើប្រាស់ សម្រាប់សំណង់អគារខ្ពស់មួយ ដែលកំពុងធ្វើការសាងសង់ ដោយបានបាក់ធ្លាក់ចុះ នៅវេលាម៉ោងប្រមាណ ១១ព្រឹក ត្រូវនឹងម៉ោង១៨និង០០នាទី ម៉ោងសកល កាលពីថ្ងៃចន្ទ ដែលបានដួលរលំ ចូលអគារមួយ និងផ្ទះមួយខ្នង ។

វីដេអូដែលផ្សាយ លើកញ្ចក់ទូរទស្សន៍ ចេញពីកន្លែងកើតហេតុ បានបង្ហាញអំពីការខូចខាត អគារទ្រង់ទ្រាយធំ និងរថយន្ត១គ្រឿង ។ កម្ពស់នៃអគារនោះមានជាង៧៦,២ម៉ែត្រ ដែលជាករណីមួយ ធ្វើឲ្យដងសន្ទូច បាក់ធ្លាក់មកក្រោម ។

ក្រុងនេះត្រូវបានប្រកាសថា ជាតំបន់មានគ្រាអាសន្ន ដែលជាការឆ្លើយតបទៅនឹង ការគំរាមកំហែង ដល់ពលរដ្ឋ និងទ្រព្យសម្បត្តិ ដែលបង្កដោយការដួលរលំ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top