អាហ្វ្រិកខាងត្បូង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ មានមនុស្ស៣០នាក់ បានស្លាប់ នៅក្នុងអំពើហិង្សា ដែលបានកើតឡើង ពាសពេញផ្នែកខ្លះ នៃប្រទេសអាហ្វ្រិកខាងត្បូង ចាប់តាំងពីអតីតប្រធានាធិបតី របស់ប្រទេសនេះ គឺលោក Jacob Zuma បានប្រគល់ខ្លួន ឱ្យប៉ូលិស កាលពីសប្តាហ៍ មុន ។
គេបានដឹងថា មនុស្សជិត៨០០នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងភាពចលាចល ដែលបានចាប់ផ្តើម ជាការតវ៉ា បន្ទាប់ពីការជាប់ពន្ធនាគារ របស់លោក Zuma កាលពីថ្ងៃព្រហស្បតិ៍ ។
ប៉ុន្តែការតវ៉ាបានក្លាយ ជាអំពើហឹង្សា នៅចុងសប្តាហ៍ ដោយភ្លើងឆេះតាមដងផ្លូវ ហាយវ៉េ ហើយត្រូវបានបិទ ហើយតាមហាងអាជីវកម្ម ជាច្រើន ត្រូវបានគេចូលលួចឥវ៉ាន់ ។
ពេលនេះយោធា ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់ប៉ូលិស ដែលមានចំនួនលើសនេះ ។
មេប៉ូលិសលោក Bheki Cele បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារនេះថា ប្រសិនបើការលួច នៅតែបន្តមាននៅតំបន់ ហានិភ័យ អាចនឹងអស់ស្បៀងអាហារ ។
ទោះយ៉ាងណា រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Nosiviwe Mapisa -akakula បានលើកឡើងថា មិនទាន់មានសេចក្តីប្រកាសអាសន្ន នៅឡើយទេ ចំពោះអំពើហឹង្សា នៅខេត្ត KwaZulu-Natal និង Gauteng ។
កាសែត KWZulu-Natal បានដកស្រង់សម្តី របស់នាយករដ្ឋមន្រ្តី Sihle Zikalala ដែលបានថ្លែងថា មនុស្សប្រហែល ២៦នាក់ត្រូវបានសម្លាប់ នៅក្នុងខេត្តរហូត មកដល់ពេលនេះ រួមមានក្មេងប្រុស អាយុ១៥ឆ្នាំ ម្នាក់។ ទីភ្នាក់ងារសារព័ត៌មាន បានឲ្យដឹងថា មានអ្នកស្លាប់ចំនួន៦នាក់ ត្រូវបានបញ្ជាក់ នៅក្នុងទីក្រុង Gauteng ។
ក្រុមមន្រ្តី បានចោទប្រកាន់ ក្រុមមួយចំនួនថា បានទាញយកផលប្រយោជន៍ ពីការខឹងសម្បារចំពោះ ការជាប់ពន្ធនាគារ របស់លោក Zuma ក្នុងការប្រព្រឹត្តអំពើឧក្រិដ្ឋ ខណៈដែលក្រុមផ្សេងទៀត បាននិយាយថា កំហឹងចំពោះ ភាពអត់ការងារ ធ្វើនិងភាពក្រីក្រ កំពុងបង្កភាពវឹកវរ ៕
ដោយ៖ ម៉ៅ បុប្ផាមករា