ព័ត៌មានជាតិ

កម្ពុជា ជំរុញ​អាមេរិក ផ្ដោតលើសារសំខាន់ នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាព

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានជំរុញឱ្យសហរដ្ឋអាមេរិក ផ្ដោតលើសារៈសំខាន់ នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាព នូវវ៉ាក់សាំង ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព។

សូមរំលឹកថា សហរដ្ឋអាមេរិក បានប្រកាសថា​ខ្លួននឹងចែករំលែក​ជា​ចំណែកៗនៃ​វ៉ាក់សាំង​សរុប ១៦លានដូស ដល់បណ្ដាប្រទេស នៅអាស៊ីទក្សិណនិងអាស៊ីអាគ្នេយ៍។ ប៉ុន្តែមន្ត្រីស្ថានទូតអាមេរិក នៅ​ភ្នំពេញមិន​ទាន់អាចបញ្ជាក់​នៅ​ឡើយ​ទេ​ថា​កម្ពុជា​នឹងទទួលបានប៉ុន្មា​នដូស។ ហើយជាក់ស្ដែង ឥឡូវនេះ​ឃើញថា ប្រទេសចំនួន​៣ នៅ​អាស៊ីអាគ្នេយ៍​ចាប់ផ្ដើមទទួលបានវ៉ាក់សាំង​របស់សហរដ្ឋអាមេរិក គឺវ៉ាក់សាំង Moderna។ ប្រទេស​៣ នេះរួមមាន វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

នៅក្នុងឱកាសចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះត្រូវបានដឹកនាំ ដោយសហប្រធាន លោក Saleumxay Kommasith រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងលោក Antony Blinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោកប្រាក់ សុខុន បានលើកទឹកចិត្ត សហរដ្ឋអាមេរិក ឱ្យរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង របស់អាស៊ាន ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ និងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាព នូវវ៉ាក់សាំង ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព ។

លោក ឧបនាយករដ្ឋមន្រ្តី បានចែករំលែកការព្រួយបារម្ភ ជាមួយរដ្ឋមន្រ្តីផ្សេងៗទៀត ជុំវិញការកើនឡើង នូវភាពស្មុគស្មាញ នៃបញ្ហាប្រឈមនានា ដែលកំពុងកើតចេញ ពីការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងផ្សេងៗ។

ប្រមុខការទូតកម្ពូជា ក៏បានចូលរួមពិភាក្សា អំពីបញ្ហាបន្ទាន់នៅក្នុងតំបន់ និងបានបង្ហាញនូវភាពជឿជាក់ថា ការលើកកម្ពស់ភាពជាដៃគូ យុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក នឹងផ្តល់នូវផលប្រយោជន៍ យ៉ាងសំខាន់ដល់ការកសាង សហគមន៍អាស៊ាន៕

To Top