ព័ត៌មានជាតិ

៦ខែ មន្ដ្រីឧទ្យានុរក្ស បង្ក្រាបបទល្មើស ធនធានធម្មជាតិ ជាង៤ពាន់ករណី និងបញ្ជូន ទៅតុលាការ ៥១៥ករណី

ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្ស បានបង្ក្រាបបទល្មើស ធនធានធម្មជាតិ ចំនួន៤.២៣៨ករណី ក្នុងចំណោមបទ ល្មើសទាំងនោះ ធ្វើការពិន័យអន្តរការណ៍ ចំនួន៥១១ករណី និងចងក្រងសំណុំរឿងបញ្ជូន ទៅតុលាការ ចំនួន៥១៥ករណី ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងបរិស្ថាន រៀបរាប់ថា «រយៈពេល ៦ខែ ឆ្នាំ២០២១ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្ស បានចុះល្បាត នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជី វៈចម្រុះ សរុបបានចំនួន១៤.៤២២លើក ក្នុងនោះ បានបង្ក្រាបបទ ល្មើសធនធានធម្មជាតិ បានចំនួន៤.២៣៨ករណី ។ ក្នុងចំណោមបទល្មើសទាំងនោះ បានធ្វើការពិន័យ អន្តរការណ៍ ចំនួន៥១១ករណី និងបានចងក្រង សំណុំរឿងបញ្ជូនទៅ តុលាការ បានចំនួន៥១៥ករណី ដែលករណីភាគច្រើនទាក់ទង នឹងការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ក្នុងតំបន់អភិរក្សដោយ ខុសច្បាប់ ការបកាប់បំផ្លាញឈើ ការបរបាញ់សត្វ ជាដើម។ ទិន្នន័យនេះមានចំនួនប្រហាក់ប្រហែលគ្នា ក្នុងរយៈពេលដូច គ្នា នៅឆ្នាំ២០២០» ។

ក្រសួងបន្ដថា ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសនេះ មន្ត្រីឧទ្យានុរក្ស បានរឹបអូសរណាយន្ត ចំនួន២.៤៦២គ្រឿង ,ដកហូតរថយន្ត ចំនួន១៨២គ្រឿង ,គោយន្ត ចំនួន៣០៨គ្រឿង ,ម៉ូតូ ចំនួន៣៣៦គ្រឿង ,ត្រាក់ទ័រ ចំនួន២៤គ្រឿង ,ឈើ ចំនួន១.២៦០ម៉ែត្រគូប។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន២៥.៥៩៦ អន្ទាក់ និងកាំភ្លើងកែច្នៃ ចំនួន៣៤៨ដើម ។

ក្រសួងបរិស្ថាន គូសបញ្ជាក់ថា បទល្មើសធនធាន ធម្មជាតិ ទ្រង់ទ្រាយធំ នៅក្នុងតំបន់ការពារធម្មជាតិ លែងមានទៀតហើយ តែនៅមានបទល្មើស ទ្រុងទ្រាយតូចៗ កើតឡើង ដែលសមត្ថកិច្ច ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុង បន្តអនុវត្តច្បាប់ ដោយការទទួលខុសត្រូវ ។ ក្រសួង នឹងបន្តបេសកកម្មរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្ស តំបន់ការពារធម្មជាតិ នៅក្នុងប្រទេសកម្ពុជា សម្រាប់មនុស្សរាប់ជំនាន់ ទៅមុខទៀត ៕

To Top