ណៃរ៉ូប៊ី ៖ ក្រុមអ្នកជំនាញ បានឲ្យដឹងថា វ៉ាក់សាំងថ្មីមួយ គួរតែត្រូវបានបង្កើតឡើង នៅឆ្នាំ២០២៥ ដើម្បីជំរុញសង្គ្រាមប្រឆាំង នឹងជំងឺរបេង ដែលបានអះអាងថា មានមនុស្ស ៤០០០ នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ នៅក្នុងប្រទេស ដែលមានបន្ទុកធ្ងន់ នៅភាគខាងត្បូង ពិភពលោក ។
ថ្លែងនៅក្នុងវេទិកានិម្មិត ដើម្បីប្រារព្ធខួប ១០០ ឆ្នាំនៃវ៉ាក់សាំង BCG ប្រឆាំងនឹងជំងឺរបេង អ្នកជំនាញផ្នែកសុខភាព បានលើកឡើងថា មានភាពបន្ទាន់ ក្នុងការវិនិយោគ លើវ៉ាក់សាំងផ្សេង ដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការផ្ទុកនូវបាក់តេរី ដែលឆ្លងខ្លាំង ដែលប៉ះពាល់ដល់សួត ។
លោក Lucica Ditiu នាយកប្រតិបត្តិអង្គការ Stop TB Partnership ជាក្រុមបញ្ចុះបញ្ចូល សុខភាពអន្តរជាតិ បានលើកឡើងថា រដ្ឋាភិបាលឧស្សាហកម្ម និងម្ចាស់ជំនួយ គួរតែកៀរគរធនធាន ដើម្បីគាំទ្រការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងថ្មី ប្រឆាំងនឹងជំងឺនេះ។
លោកបន្ដថា“ ថ្ងៃនេះយើងសូមអំពាវនាវ ដល់ពិភពលោក ឱ្យផ្តល់នូវធនធានហិរញ្ញវត្ថុ និងឆន្ទៈនយោបាយ ឱ្យបានគ្រប់គ្រាន់នៅឆ្នាំ២០២៣ ដើម្បីអនុញ្ញាតឱ្យមានការដាក់ចេញនូវវ៉ាក់សាំង ការពារជំងឺរបេងប្រកប ដោយប្រសិទ្ធភាពនៅឆ្នាំ ២០២៥” ។
ស្ថិតិពីភាពជាដៃគូបញ្ឈប់ជំងឺ របេងបានបង្ហាញថា ទឹកប្រាក់ ប្រហែល ១១៧ លានដុល្លារអាមេរិក ត្រូវបានវិនិយោគ ក្នុងការស្រាវជ្រាវវ៉ាក់សាំង ការពារជំងឺរបេង នៅឆ្នាំ២០១៩ ដែលផ្ទុយនឹងគោលដៅ ៥៥០ លានដុល្លារ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ៤ ឆ្នាំ ដើម្បីសម្រេចដល់ឆ្នាំ ២០២៥ ។
ក្រុមអ្នកជំនាញបានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺ របេងតែមួយគត់ ដែលមានអាយុកាល ១០០ ឆ្នាំ ចុងក្រោយនេះ បានបង្ហាញពីប្រសិទ្ធភាព ក្នុងការការពារកុមារប្រឆាំង នឹងជំងឺនេះ ប៉ុន្តែមានសក្តានុពលខ្សោយជាង ចំពោះមនុស្សវ័យជំទង់ និងមនុស្សពេញវ័យ។
លោក David Lewinsohn ប្រធានក្រុមការងារ របស់អង្គការ បញ្ឈប់ភាពជាដៃគូលើវ៉ាក់សាំង ជំងឺរបេងថ្មី បានលើកឡើងថា មានបេក្ខជនវ៉ាក់សាំងចំនួន ១៥ ដែលស្ថិតក្នុងដំណាក់កាល អភិវឌ្ឍន៍ផ្សេងៗគ្នាក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ។ លោកបន្ថែមថា ការតាមដានយ៉ាងឆាប់រហ័ស នូវការអនុម័តរបស់ពួកគេ នឹងជំរុញការលុបបំបាត់ជំងឺ នេះនៅត្រឹមឆ្នាំ២០៣០៕ដោយ ឈូក បូរ៉ា