បរទេស៖ការសម្ភោធបើកដំណើរការ សមត្ថភាពប្រតិបត្តិការទាំងស្រុង របស់ទីបញ្ជាការកងកម្លាំងចម្រុះណាតូ នៅក្នុងទីក្រុង Norfolk រដ្ឋវឺជីញ៉ា នៅក្នុងសប្ដាហ៍នេះ គឺជាពិធីមួយដែលបង្ហាញឲ្យឃើញនូវភាពរឹងមាំរបស់សម្ពន្ធមិត្តយោធា។
ឧត្តមសេនីយ៍កងទ័ពអាមេរិក លោក Mark Milley ជាប្រធាននៃអគ្គសេនាធិការ និងលោក Andrew Lewis ជាមេបញ្ជាការនៃទីបញ្ជាការកងកម្លាំងចម្រុះ បានដឹកនាំពិធីការនៃការសម្ភោធនោះកាលពីថ្ងៃព្រហស្បតិ៍ នៅលើនាវា USS Kearsarge នៅមូលដ្ឋានទ័ពជើងទឹក Naval Station Norfolk ។
ទីបញ្ជាការថ្មីនេះ ចូលរួមជាមួយទីបញ្ជាការណាតូនានា នៅក្នុងទីក្រុង Brunssum ប្រទេសហូឡង់ និងទីក្រុង Naples ប្រទេសអ៊ីតាលី ហើយនឹងផ្តល់ឲ្យនូវបញ្ជាប្រតិបត្តិការពហុជាតិចម្រុះដឹកនាំដោយអាមេរិក ដែលគាំទ្រដោយទីបញ្ជាការសម្ពន្ធមិត្តនិងដៃគូ ដែលទទួលខុសត្រូវចំពោះតំបន់អាត្លង់ទិកខាងជើង និងតំបន់អាក់ទិក។
លោក Andrew Lewis បានមានប្រសាសន៍ថា ការបង្កើតទីបញ្ជាការទី៣នៅអាមេរិកខាងជើង បង្កើតការភ្ជាប់ទំនាក់ទំនងរវាងអាមេរិកខាងជើងនិងអឺរ៉ុប និងជួយអភិវឌ្ឍបន្ថែមទៀតនូវវិធីសាស្ត្រ៣៦០ដឺក្រេ សម្រាប់កិច្ចការពារជាតិនិងសន្តិសុខរួម៕ ប្រែសម្រួល៖ប៉ាង កុង