ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានពីផលប៉ះពាល់ របស់រលកកម្តៅលើដំណាំ

បរទេស៖ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ អាចនឹងចាត់វិធានការទប់ស្កាត់ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ តាមរយៈការដាំដើមឈើរបន្ថែម និងការពារផលដំណាំពីកម្តៅដ៏ខ្លាំង ស្របពេលដែលសីតុណ្ហភាពកើនឡើងដល់កំណត់ត្រាខ្ពស់ នៅលើឧបទ្វីបកូរ៉េ។ 

កាសែតបក្សពលករកូរ៉េ Rodong Sinmun បាននិយាយនៅពេលថ្មីៗនេះថា ការទប់ស្កាត់ការខូចខាតនៃផលដំណាំពីរលកកម្តៅ គឺជាការតស៊ូដ៏លំបាកមួយ ដើម្បីការពារអាយុជីវិតនិងសុវត្ថិភាពរបស់ប្រជាជន។ 

កាសែតដដែលនេះបានបញ្ជាក់យ៉ាងដូច្នេះថា “អង្គភាពគណបក្សនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ជូនដំណឹងយើងថា រលកកម្តៅកាន់តែខ្លាំងឡើង ត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលអាក្រក់ដល់ប្រទេសយើង នៅសប្ដាហ៍ក្រោយនេះ ហើយការទប់ស្កាត់ការខូចខាត គឺជាគម្រោងនយោបាយដ៏សំខាន់មួយ សម្រាប់រំឭកដល់ការសម្រេចចិត្តធ្វើឡើងនៅសមាជបក្សលើកទី៨”។ 

តាមសេចក្តីរាយការណ៍ កាសែតនេះបានជំរុញឲ្យប្រទេសត្រៀមសម្រាប់អាកាសធាតុអាក្រក់នេះ នៅត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានគណកម្មការផែនការរដ្ឋកូរ៉េខាងជើង បាននិយាយនៅក្នុងរបាយការណ៍ផ្តល់ឲ្យអង្គការសហប្រជាជាតិថា គ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់ បានវាយប្រហារប្រទេសជារៀងរាល់ឆ្នាំ ស្របពេលស្ថានភាពស្បៀងអាហារមានសភាពកាន់តែអាក្រក់ឡើង៕ ប្រែសម្រួល៖ប៉ាង កុង 

To Top