ភ្នំពេញ ៖ លោក គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ បានថ្លែងថា ប្រជាជនខ្មែររស់នៅអូស្ដ្រាលី និងនូរ៉ែហេ្សឡង គ្មានការបែកបាក់គ្នាឡើយ អ្នកដែលបែកបាក់នោះ គឺក្រុមលោក ហុង លីម អតីតសមជិកសភាពអូស្ត្រាលីដើមកំណើតខ្មែរ។
ការលើកឡើងរបស់ លោក គឹម សន្ដិភាព ក្រោយពីវិទ្យុអាស៊ីចេញផ្សាយ នាពេលថ្មីៗនេះថា “សហគមន៍ខ្មែរនៅអូស្ត្រាលីថា គណបក្សប្រជាជនកម្ពុជា បានចាត់តាំងមន្ត្រីជាន់ខ្ពស់របស់ខ្លួនស្ទើរគ្រប់ផ្នែកឲ្យទៅពង្រឹងបក្សនៅប្រទេសអូស្ត្រាលី និងណូវ៉ែលសឺឡង់ ក្នុងតំបន់មានខ្មែររស់នៅច្រើន ចំនួន៩តំបន់ផ្សេងៗគ្នា។ យុទ្ធសាស្ត្រានេះ ដើម្បីទាក់ទាញទិញទឹកចិត្តខ្មែររស់នៅប្រទេសក្រៅឲ្យងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាថ្នូរនឹងការផ្ដល់ភាពងាយស្រួលមករកស៊ីនៅកម្ពុជា” ។
លោក ហុង លីម បញ្ជាក់ទៀតថា ក្រុមនេះធ្វើការងារទាំង៩តំបន់នេះ ដោយបានសហការគ្នាជាមួយស្ថានទូតខ្មែរប្រចាំនៅប្រទេសទាំងពីរនេះ ដើម្បីដើរទិញទឹកចិត្តខ្មែរ គម្រាមកំហែងក្រុមនិស្សិតដែលទទួលបានអាហារូបករណ៍មិនឲ្យចូលរួមសកម្មភាពជាមួយសហគមន៍ខ្មែរនៅអូស្ត្រាលី និងឲ្យខ្មែរនៅទីនោះចូលរួមពិធីដឹងគុណថ្ងៃ ៧ មករា ជាដើម។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ លោក គឹម សន្ដិភាព បានថ្លែងបញ្ជាក់ថា «ប្រជាពលរដ្ឋខ្មែរ នៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ គ្មានការបែកបាក់ទេ អ្នកដែលបែកបាក់គឺក្រុមលោកឯងហ្នឹង!។ ទុកពេលវេលារបស់ខ្ញុំ ដើម្បីជួយដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ប្រសើរជាងនិយាយជាមួយអាស៊ីសេរី!»៕