Covid-19

ក្នុងរយៈពេល ២៤ម៉ោង ប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជិត១ពាន់នាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបាន រាយការណ៍កាលពីថ្ងៃពុធថា ប្រេស៊ីលបានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៩៤៨នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនឡើងដល់ ៥៤២.២១៤នាក់ ។

ក្រសួងបានបញ្ជាក់ថា មានអ្នកឆ្លងបន្ថែមទៀតចំនួន ៣៤.១២៦នាក់ ក៏ត្រូវបានគេបញ្ជីការរួចហើយដែរ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ១៩.៣៧៦.៥៧៤នាក់ ។

ចំនួនអ្នកស្លាប់គិតជាមធ្យមប្រចាំថ្ងៃ ក្នុងរយៈពេល ៧ថ្ងៃចុងក្រោយមកនេះ បានថយចុះមកនៅត្រឹម ១.២៤៧នាក់ ដែលជាចំនួនទាបបំផុតចាប់តាំងពីខែមីនា នៅមុនពេលចាប់ផ្តើមរលកទី២ នៃការឆ្លងជំងឺនៅក្នុងប្រទេស ។

ទោះបីជាមានការថយចុះបែបនេះក្តី មូលនិធិ Oswaldo Cruz Foundation (Fiocruz) ដែលជាមូលនិធិស្រាវជ្រាវ វេជ្ជសាស្ត្របានព្រមានកាលពីថ្ងៃសុក្រថា រដ្ឋធានីនៅក្នុងរដ្ឋចំនួន៧ ត្រូវបានគេមើលឃើញថា មានករណីឆ្លងកើនឡើង ហើយទីភ្នាក់ងារនេះបាន ជំរុញដល់ពលរដ្ឋប្រេស៊ីល បន្តអនុវត្តការថែទាំសុខភាព ជាពិសេសផ្តោតសំខាន់លើការឆ្លងរាលដាល ដែលបង្កឡើងដោយវីរុសក្លាយពូជ Delta ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top