ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូនផ្សព្វផ្សាយ ពីនីតិវិធីនៃការដកពិន្ទុបណ្ណបើកបរ និងប្រឡងបំពេញ ពិន្ទុឡើងវិញ ខណៈកម្មវិធីនេះ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ ដើមឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំរាយការណ៍ វឌ្ឍនភាពការងារ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកជូនសម្តេចក្រឡាហោម ស ខេង នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងអំពីគំនិតផ្តួចផ្តើម ក្នុងការរៀបចំកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើស ចរាចរណ៍ផ្លូវគោក និងដំណើរការរៀបចំ ប្រកាសអន្តរក្រសួង ស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញ សម្រាប់បណ្ណបើកបរ ដែលនឹង ត្រូវអនុវត្តនៅ៥ឆ្នាំ ក្រោយពីវិសោធនកម្មច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ ចូលជាធរមាន។
លោកបន្ដថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឲ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់បណ្ណរួមមាន បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំង ភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យ ដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្ត សម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកទេសរដ្ឋមន្ត្រី ក៏បានស្នើសុំ សម្តេចក្រឡាហោម ពិនិត្យលើសេចក្តីព្រាងប្រកាស អន្តរក្រសួងលើកម្មវិធីនេះ មុននឹងចាប់ផ្តើមបណ្តុះបណ្តាល កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើស ចរាចរណ៍ផ្លូវគោកជូន មន្ត្រីនគរបាលចរាចរណ៍ នៅខែសីហា ឆ្នាំ២០២១ និងដាក់ដំណើរការសាកល្បង និងផ្សព្វផ្សាយជូនសាធារណជននៅខែកញ្ញា ឆ្នាំ២០២១។ ក្រសួងសាធារណការ ត្រៀមនឹងប្រគល់ទទួលឧបករណ៍ ដកពិន្ទុ និងពិន័យរួមគ្នា ចំនួន៥០០គ្រឿង ជូនអគ្គស្នងការនគរបាលជាតិ ហើយកម្មវិធីនេះ នឹងត្រូវសម្ពោធដាក់ប្រើប្រាស់ផ្លូវការ នៅដើមឆ្នាំ២០២២។
ជាងការឆ្លើយតប សម្ដេច ស ខេង បានគាំទ្រយ៉ាងពេញទំហឹងលើគំនិតផ្តួចផ្តើមនេះ ហើយសម្តេចក៏ស្នើពន្លឿនលើខ្លឹមសារប្រការអន្តរក្រសួង ដែលបានព្រាងរួចរាល់ និងឯកភាពក្នុងកម្រិតបច្ចេកទេស។
សម្ដេច មានប្រសាសន៍ថា «ស្នើឲ្យក្រសួងយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការផ្សព្វផ្សាយ ពន្យល់ណែនាំពីនីតិវិធីនៃការកាត់ពិន្ទុ និងប្រឡងបំពេញពិន្ទុឡើងវិញជូនសាធារណជន ដែលត្រូវអនុវត្ត ត្រួតពិនិត្យ និងផាកពិន័យ»។
សម្តេច ក៏បានអរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំរៀបចំកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកនេះឡើង និងជំរុញឲ្យរៀបចំអនុវត្តតាមផែនការ ដើម្បីកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ដែលខាតបង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋ ៕