បន្ទាយមានជ័យ ៖ មុខសញ្ញាមេខ្យល់ រត់ពន្ធមនុស្សខុសច្បាប់ពីរនាក់ ត្រូវបាន កម្លាំងនគរបាល ការពារព្រំដែនគោក បុស្តិ៍បឹងសាគូ នៃវរៈនគរបាលការពារ ព្រំដែនលេខ 911 សហការជាមួយនឹងកម្លាំង យោធាកងពលលេខ51 ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង 4:30 ទៀបភ្លឺព្រឹកថ្ងៃទី 24 ខែកក្កដាឆ្នាំ 2021នេះខណៈពួកគេកំពុងព្យាយាមលួចធ្វើសកម្មភាពនាំមនុស្សឆ្លងដែនខុសច្បាប់ចេញពីថៃទៅប្រទេសកម្ពុជា។
លោកលោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនបឹងសាគូ បានឲ្យដឹងថាជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ
1/-ឈ្មោះ ឡូញ ឡែម ភេទប្រុស អាយុ29ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 2/-ឈ្មោះ សាន សំណាង ភេទប្រុស អាយុ35ឆ្នាំ ។
លោកនាយប៉ុស្តិ៍បានបន្តថា ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លួននៅចំណុចមុខកាស៊ីណូDNA ក្នុងភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និង ដកហូតបានវត្ថុតាងដូចជា ទូរស័ព្ទដៃ01គ្រឿង មានសារជាសម្លេងឆ្លើយ ឆ្លងគ្នា រវាងមេខ្យល់ខ្មែរ និងមេខ្យល់នៅខាងថៃ ចាំទទួលមនុស្ស នៅខាងក្រោយផ្សារឡុងក្លឿ (ប្រទេសថៃ) និងម៉ូតូ01គ្រឿង ម៉ាកហុងដា C125 ផលិតឆ្នាំ2019 ពណ៌ខ្មៅ គ្មានស្លាកលេខ ។
បច្ចុប្បន្នជនសង្ស័យមេខ្យល់ទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធីតាមច្បាប់៕