ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមអ្នកជួយសង្គ្រោះ នៅភាគខាងត្បូងហ្វីលីពីន បានធ្វើការស្រាវជ្រាវ ដើម្បីរកសញ្ញានៃអ្នកដែលនៅរស់រាន មានជីវិត នៅថ្ងៃចន្ទនេះ នៅក្នុងទីតាំងនៃមជ្ឈមណ្ឌលលក់ទំនិញ ដែលបានដួលរលំ ក្រោយពីមានគ្រោះរញ្ជួយដី ដ៏ខ្លាំងមួយបានកើតឡើង ដោយបានសម្លាប់មនុស្សតិចបំផុត៣នាក់ និងបង្កឲ្យមនុស្ស ជាច្រើននាក់ទៀតរងរបួស ធ្ងន់ស្រាល ។
ក្រុមមន្ត្រីទទួលខុសត្រូវ គ្រោះមហន្តរាយ បាននិយាយថា មនុស្សចំនួន៥នាក់ ត្រូវបានគេជឿជាក់ថា បានកប់នៅ ក្នុងគំនរបាក់បែក នៃមជ្ឈមណ្ឌល លក់ទំនិញពាណិជ្ជកម្មមួយ នៅភាគខាងត្បូង ក្រុង Padada នៅលើដែនកោះ មីនដាណាវ ដែលមានទីតាំងប្រមាណ២០គីឡូម៉ែត្រ ពីទីតាំងរញ្ជួយដីកាលពីថ្ងៃអាទិត្យ ។
ក្រុមអ្នកជួយសង្គ្រោះ ប្រើឧបករណ៍ដើម្បីស្ទង់មើល និងកកាយអ្នក ដែលនៅរស់រានមានជីវិត ប៉ុន្តែមិនទាន់មានតម្រុយណាមួយ ដែលជាក្តីសង្ឃឹមសម្រាប់នរណាម្នាក់ ដែលនៅមានជីវិតនោះទេ ។
គ្រោះរញ្ជួយដីនេះមាន កម្រិត៦,៨រ៉ិចទ័រ ដោយបានបង្ក ឲ្យមានអ្នករងរបួសចំនួន៣១នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា