ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្តល់ក្របខណ្ឌ ដល់ក្រសួងពីរសម្រាប់ឆ្នាំ២០២០ គឺក្រសួងអប់រំយុវជន និងកីឡា ចំនួន ៣,៦០០នាក់ និង ក្រសួងសុខាភិបាល ចំនួន ១,៣០០នាក់ ។
សម្តេចតេជោបានថ្លែងបន្តថា ក្របខណ្ឌដែលត្រៀម នឹងផ្តល់ឲ្យក្រសួងទាំង២នេះ ដោយសារកំណើនៃសិស្សានុសិស្ស កើនឡើងជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនោះដែរ ក៏មានមន្រ្តីចាស់ៗមួយចំនួន ត្រូវបានចូលនិវត្តន៍ ដែលតម្រូវឲ្យមាន ការជ្រើសរើសបុគ្គលិក មន្រ្តីរាជការបន្ថែម ។
សម្តេចថា នេះក៏ដូចគ្នា នឹងវិស័យសុខាភិបាលផងដែរ ដែលរាជរដ្ឋាភិបាល ត្រូវបង្កើនទាំងអគារពេទ្យ និងធនធានគ្រូពេទ្យឲ្យកាន់តែច្រើនឡើង ដើម្បីបម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ចាប់តាំងពីទីក្រុងរហូតដល់ជនបទ ៕