ព័ត៌មានអន្តរជាតិ

ឆ្នាំនេះ មន្រ្តីគណៈកម្មាធិការកណ្តាលបក្ស និងមេដឹកនាំអាជីវកម្ម របស់វៀតណាម បានរងទណ្ឌកម្មចំពោះការប្រព្រឹត្តខុស

បរទេស៖ គណៈកម្មាធិការអធិការកិច្ចរបស់មជ្ឈឹមបក្សវៀតណាម បានស្នើដាក់ទណ្ឌកម្មលើមន្រ្តីដែលគ្រប់គ្រងដោយមជ្ឈិមចំនួន ៧ នាក់ និងថ្នាក់ដឹកនាំផ្សេងទៀត រួមទាំងមន្រ្តីជាច្រើនទៀតនៃសហគ្រាសរដ្ឋ នៅឆមាសទីមួយនៃឆ្នាំនេះ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ព័ត៌មាននេះត្រូវបានបញ្ចេញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ ដឹកនាំកណ្តាល ស្តីពីការប្រឆាំងអំពើពុករលួយ កាលពីថ្ងៃព្រហស្បតិ៍ ក្រោមការដឹកនាំរបស់អគ្គលេខាបក្សគឺលោក ង្វៀន ភូទ្រុង។

លោក ង្វៀន ភូទ្រុង ដែលជាប្រធានគណៈកម្មាធិការបាននិយាយថា នេះគឺជាកិច្ចប្រជុំលើកទី ២០ ហើយជាកិច្ចប្រជុំលើកដំបូង ដែលបានរៀបចំឡើងចាប់តាំងពីគណៈកម្មាធិការ មជ្ឈិមបក្សអាណត្តិទី ១៣ បានចាប់ផ្តើមការងាររបស់ខ្លួន។

លោកបន្ថែមថា ក្រៅពីការងារប្រឆាំងអំពើពុករលួយ គណៈកម្មាធិការដឹកនាំនឹងពង្រីកការត្រួតពិនិត្យរបស់ពួកគេ ដើម្បីគ្របដណ្តប់លើការធ្វើខុសជាទូទៅ។

លោកង្វៀនថាញ់ហុក អនុប្រធានគណៈកម្មការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការមជ្ឈឹមបក្ស បាននិយាយថា ការងារប្រឆាំងអំពើពុករលួយនៅថ្នាក់កណ្តាល និងមូលដ្ឋានបានទទួលលទ្ធផលវិជ្ជមានក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ។

យោងតាមគណៈកម្មាធិការដឹកនាំកណ្តាល ស្តីពីការប្រឆាំងអំពើពុករលួយ គឺគណៈកម្មាធិការ បក្សជាង ៧០ , សមាជិកគណបក្សជាង ៨ ០០០ នាក់ត្រូវបានដាក់ទណ្ឌកម្មនៅឆមាសទីមួយនៃឆ្នាំនេះ។ ក្នុងចំណោមសមាជិកបក្សដែលបំពាន គឺមានជិត ១៨០ នាក់បានទទួលការ ពិន័យចំពោះអំពើពុករលួយ។ ២០នាក់ផ្សេងទៀតត្រូវបានពិន័យចំពោះការរំលោភលើច្បាប់ទាក់ទង នឹងការប្រកាសទ្រព្យសម្បត្តិនិងប្រាក់ចំណូល៕

ប្រែសម្រួលៈ ណៃ តុលា

To Top