ព័ត៌មានអន្តរជាតិ

លោក បៃដិន ចុះហត្ថលេខាបទបញ្ជា ប្រតិបត្តិ ប្រឆាំងប្រទេដបេឡារុស

បរទេស៖លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចេញបទបញ្ជាប្រតិបត្តិមួយ ប្រឆាំងនឹងរបបនៃប្រទេសបេឡារុស ដោយចោទពីបទរំលោភបំពានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

លោក បៃដិន បានចេញបទបញ្ជាប្រតិបត្តិ នៅថ្ងៃគម្រប់ខួបមួយឆ្នាំនៃការបោះឆ្នោតជ្រើសប្រធានាធិបតីបេឡារុសឆ្នាំ២០២០ ដែលសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិជាច្រើន បាននិយាយថា គឺមានការក្លែងបន្លំ ស្របពេលមានការតវ៉ាកើនឡើងគ្រប់ដណ្ដប់ទូទាំងប្រទេស។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko នាពេលថ្មីៗនេះ បានបដិសេធចំពោះការអះអាងដែលថា ការជាប់ឆ្នោតជាថ្មីរបស់លោក គឺមានការក្លែងបន្លំ និងបានប្រើប្រាស់កម្លាំងបង្ក្រាបការតវ៉ា។ មេដឹកនាំប្រឆាំង លោក Svetlana Tikhanovskaya និងអ្នកប្រឆាំងដទៃទៀត ត្រូវបានបង្ខំចិត្តភៀសខ្លួនចេញពីប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បានមានប្រសាសន៍ថា “ការលុបបំបាត់ក្រុមប្រឆាំងនយោបាយ និងអង្គការសង្គមស៊ីវិល ព្រមទាំងការរំខាននិងបង្កគ្រោះថ្នាក់របស់រដ្ឋាភិបាល ចំពោះការធ្វើដំណើរតាមអាកាសស៊ីវិលអន្តរជាតិ បង្កឲ្យមានការគម្រាមកំហែងមិនធម្មតា ចំពោះសន្តិសុខជាតិនិងគោលនយោបាយ បរទេសរបស់សហរដ្ឋអាមេរិក”៕
ប្រែសម្រួល៖ប៉ាង កុង

To Top