បាងកក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ថា តម្រួតថៃ បានបាញ់ទឹក កាំភ្លើងគ្រាប់កៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែក មកលើក្រុមអ្នកតវ៉ា នៅក្នុងក្រុងបាងកក រយៈពេល២ថ្ងៃគិតត្រឹមថ្ងៃពុធ ខណៈក្រុមបាតុករ បានប្រមូលផ្តុំគ្នា ប្រឆាំងនឹងរដ្ឋាភិបាល និងវិបត្តិវីរុសកូរ៉ូណា ។
ក្រុមអ្នកតវ៉ា បានបំពានលើការប្រមូលផ្តុំគ្នាជាសាធារណៈ ខណៈដែលប្រទេសថៃឡង់ដ៏ បានព្យាយាម ដើម្បីទប់ស្កាត់ការផ្ទុះរាលដាលវីរុស ជាមួយគ្នានេះដែរ អ្នកឆ្លងជំងឺថ្មីមានជាង២១.០០០នាក់បានប្រកាសកាលពីថ្ងៃពុធ ។
ដោយសារតែកម្មវិធី ចាក់វ៉ាក់សាំង នៅក្នុងប្រទេស មានភាពយឺតយ៉ាវ រួមទាំងការរឹតត្បិតដល់សេដ្ឋកិច្ច ដែលធ្វើឲ្យសាធារណៈ ផ្ទុះកំហឹងយ៉ាងខ្លាំង ទៅនឹងរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់ឧចា ។
គួររំលឹកថា កាលពីល្ងាចថ្ងៃពុធ ក្រុមអ្នកតវ៉ាប្រមាណ១៥០នាក់ បានប្រមូលផ្តុំគ្នា នៅវិមានជ័យជម្នះក្រុងបាងកក ក្នុងគោល បំណងដើរជាក្បួន ទៅកាន់កន្លែងរបស់លោក ប្រាយុទ្ធ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា