ព័ត៌មានជាតិ

ខ្មែរស្នើថៃ កុំបញ្ជូនពលរដ្ឋខ្មែរ​ មកវិញដោយគំហុក ខណៈថៃ ឯកភាពចាក់វ៉ាក់សាំង ឲ្យអាជីវករខ្មែរ នៅផ្សាររុងក្លឿ ១ម៉ឺននាក់

ភ្នំពេញ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានស្នើឲ្យអភិបាល ខេត្តស្រះកែវ កុំបញ្ជូនពលរដ្ឋខ្មែរ មកវិញដោយគំហុក ខណៈអភិបាលខេត្តស្រះកែវ បានឯកភាពចាក់វ៉ាក់សាំងកូវីដ១៩ ដល់អាជីវកខ្មែរ នៅផ្សាររុងក្លឿប្រមាណជា១ម៉ឺននាក់ ។

បើតាមហ្វេសប៊ុករបស់លោក អ៊ុំ រាត្រី គឺលោកបានដឹកនាំកងកម្លាំងប្រដាប់អាវុធ ជួបពិភាក្សាកិច្ចការងារជាបន្ទាន់មួយ ជាមួយអភិបាលខេត្តស្រះកែវ នៅព្រឹកថ្ងៃ១៣ សីហា នៅលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ។

លោកថា ដោយសារស្ថានភាព រីករាលដាលនៃជំងឺកូវីដ១៩ ពិសេសមេរោគបំលែងថ្មី Delta និងមានការបិទព្រំដែនមិនឲ្យពលរដ្ឋខ្មែរ ចូលមកទឹកដីកម្ពុជា រយៈពេល១៤ថ្ងៃ ដូច្នេះខាងខេត្តបន្ទាយមានជ័យ ស្នើសុំ ខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធ ជួយសម្របសម្រួលដោះស្រាយ បញ្ហាពលរដ្ឋដែលត្រឡប់ មកទឹកដីកម្ពុជា ទាំងសុខភាព សុវត្ថិភាពពួកគាត់ ។ លោកស្នើ សុំកុំឲ្យមានការបញ្ជូនពលរដ្ឋខ្មែរ មកជាគំហុក ហើយបើមានបញ្ហាអ្វី សូមផ្តល់ព័ត៌មានបន្ទាន់ មកភាគីកម្ពុជា ដើម្បីត្រៀមលក្ខណៈទទួល តាមវិធានសុខាភិបាល។

លោកថា ដោយទទួលបានគោលការណ៍ ឯកភាពលើកមុន ពាក់ព័ន្ធការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងផ្សាររុងក្លឿ ខេត្តស្រះកែវ អភិបាលខេត្តស្រះកែវ ក៏បានឯកភាពជាថ្មី នឹងអនុញ្ញាតជាគោលការណ៍រៀបចំ ការចាក់វ៉ាក់សាំងលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជូនអាជីវករលក់ដូរក្នុងផ្សាររុងក្លឿប្រមាណ ១០០០០នាក់ នៅពេលឆាប់ៗនេះ ៕

To Top