បរទេស៖ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានធ្វើការដាក់ទណ្ឌកម្មទៅលើបណ្ដាញរត់ពន្ធប្រេង អន្តរជាតិមួយ ដែលខ្លួននិយាយថា មានការគាំទ្រ ដល់កងកម្លាំងពិសេស Quds Force ដែលជាអង្គភាពយោធាមួយ នៅក្នុងកងកម្លាំងការពារបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់។
ការិយាល័យ គ្រប់គ្រងទ្រព្យសម្បត្តិបរទេស របស់ក្រសួងនិយាយប្រាប់ថា ចំណាត់ការផ្នែកហរិញ្ញវត្ថុនេះ ផ្តោតគោលដៅលើលោក Mahmood Rashid Amur al-Habsi ជាឈ្មួញកណ្ដាលជនជាតិអូម៉ង់មួយរូប ដែលមានសម្ពន្ធភាព ជាមួយមន្ត្រីនៃកងកម្លាំង Quds Force ធ្វើការដឹកជញ្ជូនប្រេងអ៊ីរ៉ង់ ឲ្យទៅអតិថិជនបរទេស។
លោក Mahmood Rashid Amur al-Habsi បានរងការចោទប្រកាន់ថា បានប្រើប្រាស់ក្រុមហ៊ុនមានមូលដ្ឋាន នៅអូម៉ង់ចំនួន២ គឺក្រុមហ៊ុន Nimr International and Orbit Petrochemicals Trading និងក្រុមហ៊ុន Liberia-based Bravery Maritime Corporation ដឹកជញ្ជូនប្រេងមានទំហំទឹកប្រាក់រាប់សិបលានដុល្លារ។
តាមសេចក្តីរាយការណ៍ ជាផ្នែកនៃទណ្ឌកម្មនេះ ក្រសួងរតនាគារអាមេរិក បានបង្កកជាកម្មសិទ្ធិរបស់លោកនៅអាមេរិក និងបានដាក់ទណ្ឌកម្មក្រុមហ៊ុន ដោយហាមឃាត់ជនជាតិអាមេរិក មិនឲ្យធ្វើពាណិជ្ជកម្មរកស៊ីជាមួយពួកគេ៕
ប្រែសម្រួល៖ប៉ាង កុង