បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថា តួលេខជាផ្លូវការដែលត្រូវបាន ធ្វើឡើងគឺអ្នកដែលបានបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដី នៅប្រទេសហៃទីបាន កើនឡើងទៅដល់ ១២៩៧នាក់មកហើយ។
រញ្ជួយដីដែលបានវាយប្រហារ មកលើប្រទេសនេះកាលពីថ្ងៃសៅរ៍ មានកម្រិតដល់ទៅ ៧,២រិចទ័រ ខណៈដែលប្រទេសកំពុងតែ បន្តស្តារសេដ្ឋកិច្ចនិងសាងសង់ ប្រទេសឡើងវិញពីហេតុការណ៍ រញ្ជួយដីកាលពីឆ្នាំ២០១០ នៅឡើយក្តី ។
ក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តការងារស្វែងរក អ្នកដែលបន្តបាត់ខ្លួននៅឡើយ ខណៈដែលអគារផ្ទះសំបែង អគារវិហារសាលារៀន ព្រមទាំងអគារជាច្រើនទៀត ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែ ពាសពេញប្រទេសហើយ ក្នុងនោះមន្ទីរពេទ្យខ្លះកំពុង ទទួលបានអ្នកសម្រាកព្យាបាល ក្នុងចំនួនដ៏ច្រើនលើសលប់។
គួរឲ្យដឹងដែរថា មកដល់ពេលនេះប្រធានាធិបតីអាមេរិក Joe Biden បានបញ្ជាក់ថា លោកបានអនុញ្ញាតិឲ្យមានការ ឆ្លើយតបជាបន្ទាន់មួយ ដោយសហរដ្ឋអាមេរិកតាមរយៈកម្មវិធីរបស់ USAID ហើយក្នុងនោះ UN ក៏បានប្រកាសគាំទ្រដល់កិច្ចការងារ ជួយសង្គ្រោះហៃទីផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី